
ភ្នំពេញ៖ មជ្ឈមណ្ឌលបុប្ផាណា ផ្តល់អាហារូបករណ៍សម្រាប់យុវជនកម្ពុជាចំនួន១២រូប មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ដើម្បីសិក្សាជំនាញ «ផលិតភាពយន្ដឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» ក្នុងឆ្នាំសិក្សា២០២៥-២០២៦។ ការបណ្តុះបណ្តាលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅទីតាំងមជ្ឈមណ្ឌលបុប្ផាណា។

ប្រភព៖ គេហទំព័រ មជ្ឈមណ្ឌលបុប្ផាណា
យោងតាមសេចក្តីជូនដំណឹងនៃមជ្ឈមណ្ឌលបុប្ផាណា បានឱ្យដឹងថា លក្ខខណ្ឌនៃការជ្រើសរើស គឹបេក្ខជនត្រូវជាជនជាតិខ្មែរ ឬជនជាតិភាគតិច ឬជនជាតិដើមភាគតិច ដែលមានសញ្ជាតិខ្មែរនិងកំពុងរស់នៅប្រទេសកម្ពុជា (ផ្តល់អាទិភាពចំពោះស្ត្រីនិងជនជាតិដើមភាគតិច) មានអាយុចាប់ពី១៨ឆ្នាំ ដល់ ៣០ឆ្នាំ ។ ជាពិសេស បេក្ខជនត្រូវជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារនៅក្នុងសហគមន៍របស់ខ្លួន និងជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្ដុះបណ្ដាលទាំងអស់។

ប្រភព៖ គេហទំព័រ មជ្ឈមណ្ឌលបុប្ផាណា
បើតាម មជ្ឈមណ្ឌលបុប្ផាណា អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបានដូចជា ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា មានការផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា ។ ក្រោយបញ្ចប់វគ្គសិក្សា នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និងឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស។

ប្រភព៖ គេហទំព័រ មជ្ឈមណ្ឌលបុប្ផាណា
មជ្ឈមណ្ឌលបុប្ផាណា បានគូសបញ្ជាក់ថា ដើម្បីស្នើដាក់ពាក្យ បេក្ខជនអាចចុចតាមរយៈ តំណរភ្ជាប់ ហើយបំពេញពាក្យយូរបំផុតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ ករណីមានចម្ងល់ អាចទាក់ទងទៅកាន់ ០១០ ៧៧៥ ១៥១ ឬ ០៩២ ៦០ ៥១ ២៧។ ក្រៅពីការដាក់ពាក្យអនឡាញ បេក្ខជនក៏អាចមកទទួលពាក្យស្នើសុំចូលរៀនដោយផ្ទាល់នៅមជ្ឈមណ្ឌលបុប្ផាណារៀងរាល់ម៉ោងធ្វើការ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៤ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភព៖ គេហទំព័រ មជ្ឈមណ្ឌលបុប្ផាណា
គួរបញ្ជាក់ថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា(ARPAA) អនុវត្តគម្រោងបណ្តុះបណ្តាល«ជំនាញផលិតភាពយន្តនិងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» ដោយមានការឧបត្ថម្ភពីមូលនិធិហេនរីលូស៍ (Henry Luce Foundation)៕