Smart saver cctime web bannertif

ASEF ជ្រើសរើសបេក្ខជន ចូលរួមកម្មវិធីកិច្ចប្រជុំកំពូលយុវជនដឹកនាំវ័យក្មេង លើកទី៦ នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេង ASEF លើកទី 6 បើកទទួលពាក្យពីយុវជនមកពីអាស៊ី និងអ៊ឺរ៉ុប ដើម្បីសិក្សាតាមអនឡាញ និងចូលរួមកម្មវិធីកិច្ចប្រជុំនៅជប៉ុន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ថ្ងៃទី ៥ តុលា​​ ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។ សម្រាប់ការចំណាយ ខាងកម្មវិធីនឹងរ៉ាប់រងលើការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ និងការចូលរួមកម្មវិធីសិក្សានានាអំឡុងពេលកម្មវិធី។

យោងតាមគេហទំព័រ ASEF បានឱ្យដឹងថា កិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេង ASEF លើកទី 6 (ASEFYLS6) គឺជាកម្មវិធីភាពជាអ្នកដឹកនាំរបស់យុវជនដែលផ្តោតលើភាពជាអ្នកដឹកនាំក្នុងសង្គមនៃយុវជន។ កម្មវិធី ASEFYLS6 នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ខែតុលា ឆ្នាំ 2025 ដែលមាន 3 ដំណាក់កាល ក្នុងគោលបំណងផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការរៀនសូត្រ សហការ និងប្រែក្លាយទ្រឹស្តីទៅជាសកម្មភាព។

បើតាម​ ASEF ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជនត្រូវមានអាយុចន្លោះ ១៨ ទៅ ៣០ឆ្នាំ ដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អ។ ការវិនិច្ឆ័យនៃការជ្រើសរើសរួមមាន មានឆន្ទៈក្នុងការចូលរួម មានបទពិសោធន៍ក្នុងការដឹកនាំសហគមន៍ និងសង្គម ព្រមទាំងមានចំណេះដឹងនិងបទពិសោធន៍ខ្លះៗពាក់ព័ន្ធនឹងប្រធានបទនៃកម្មវិធី។ សម្រាប់ការដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់ តំណភ្ជាប់ បំពេញពាក្យឱ្យបានមុនថ្ងៃទី ៣ មិថុនា ២០២៥។

ASEF បានគូសបញ្ជាក់ថា កម្មវិធីនឹងប្រព្រឹត្តទៅជាបីដំណាក់កាល ក្នុងនោះរួមមានដំណាក់កាលទី (1) ដំណាក់កាលកសាងចំណេះដឹងតាមអនឡាញ ចាប់ផ្តើមពីថ្ងៃ ២៩ កក្កដា ដល់ ២៦ សីហា ២០២៥។ ដំណាក់កាលទី(2) ភាពជាអ្នកដឹកនាំក្នុងដំណាក់កាលសកម្មភាពតាមអនឡាញ ចាប់ផ្តើមពីថ្ងៃ ២៧ សីហា ដល់ ២៨កញ្ញា ២០២៥ និង (3) កិច្ចប្រជុំកំពូលយុវជន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ កញ្ញា ដល់ថ្ងៃទី ៥ តុលា​​ ឆ្នាំ២០២៥ នៅប្រទេសជប៉ុន។ សម្រាប់ការចំណាយនៅប្រទេសជប៉ុន ខាងកម្មវិធីនឹងរ៉ាប់រងលើការស្នាក់នៅ ការហូបចុក ការធ្វើដំណើរ និងការចូលរួមកម្មវិធីសិក្សានានាអំឡុងពេលកម្មវិធី។

គួរបញ្ជាក់ថា កម្មវិធីកិច្ចប្រជុំកំពូលអ្នកដឹកនាំវ័យក្មេង ASEF ជាកន្លែងមួយដែលសិស្ស ឬអ្នកជំនាញ មកពីអាស៊ី និងអ៊ឺរ៉ុប បង្កើតទំនាក់ទំនង និងរៀនពីគ្នាទៅវិញទៅមក ជាវេទិកាមួយដើម្បីយុវជនអាចបញ្ចេញសម្លេងរបស់ពួកគេ និងអភិវឌ្ឍភាពជាអ្នកដឹកនាំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង