Cctime 6monthsfree desktop
Cc times  web banner kh (2)

«កម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី» ផ្តោតលើសិទ្ធិផ្លូវភេទ និងសុខភាពបន្តពូជ ផ្តល់វេទិកាសុវត្ថិភាពដល់យុវជនកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គការក្លាហានរៀបចំកម្មវិធីប្រកួតប្រជែងផលិតវីដេអូខ្លី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិស្ត្រី សមភាពយេនឌ័រ និងសិទ្ធិផ្លូវភេទ សុខភាពបន្តពូជ។កម្មវិធីប្រកួតប្រជែងនេះ លើកទឹកចិត្តដល់អ្នកផលិតវីដេអូគ្រប់រូប ក្នុងការបង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈការផលិតវីដេអូខ្លីដែលមានប្រធានបទផ្តោតលើ សិទ្ធិផ្លូវភេទ និងសុខភាពបន្តពូជ។ សម្រាប់កាលបរិច្ឆេទចុងក្រោយសម្រាប់ការដាក់ពាក្យចូលរួមគឺ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥។

យោងតាមគេហទំព័រនៃអង្គការក្លាហាន បានឱ្យដឹងថា ការប្រកួតនេះធ្វើឡើងក្រោមប្រធានបទ សិទ្ធផ្លូវភេទ និងសុខភាពបន្តពូជ ដោយផ្តោតលើការថែទាំអនាម័យពេលមកឈាមរដូវ ការព្រមព្រៀងផ្លូវភេទ ការរួមភេទដោយសុវត្ថិភាព មធ្យោបាយពន្យារកំណើត ការរំលូតដោយសុវត្ថិភាព។ បន្ទាប់ពីការវាយតម្លៃយ៉ាងហ្មត់ចត់ ក្រុមដែលត្រូវបានជ្រើសរើស នឹងត្រូវបានជូនដំណឹងនៅ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥។

បើតាមប្រភពដដេលបានឱ្យដឹងថា គោលបំណងនៃការប្រកួត គឺដើម្បីឆ្លុះបញ្ចាំងនូវបទដ្ឋាន ឥរិយាបថ និងអាកប្បកិរិយាសង្គមដែលរឹតត្បិតទៅលើសិទ្ធិសម្រេចចិត្ត និងស្វ័យភាពរាងកាយរបស់ស្ត្រី ព្រមទាំងបង្កើតនូវបរិយាយថ្មីៗដែលជម្រុញឲ្យមានការពិភាក្សា កាន់តែច្រើនពាក់ព័ន្ធនឹងប្រធានបទទាំងនេះ ដើម្បីបង្កើតវប្បធម៌សមភាពយេនឌ័រក្នុងសង្គម។ បន្ថែមពីនេះ គឺដើម្បីផ្តល់វេទិកាសុវត្ថិភាព (បណ្តាញសង្គមរបស់អង្គការ ក្លាហាន) ដល់យុវជនកម្ពុជា ដែលមានអត្តសញ្ញាណចម្រុះ ប្រើប្រាស់ដើម្បីសម្តែងមតិ និងធ្វើសកម្មភាពងាយៗ ដែលមានឥទ្ធិពលវិជ្ជមាន និងពង្រឹងចលនាស្រ្តីនិយមបែបអន្តរប្រសព្វ ក្នុងចំណោមយុវជនកម្ពុជា តាមរយៈការផ្តល់ឱកាសឲ្យពួកគេ បានរួមគ្នាបង្កើតគម្រោងច្នៃប្រឌិត និងប្រើប្រាស់សក្តានុពលរបស់ពួកគេ ក្នុងការបញ្ជូនសារទាក់ទងនឹងប្រធានបទទៅកាន់សាធារណជន។

ដើម្បីអាចដាក់ពាក្យបានបេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ជាក្រុមយុរជនកម្ពុជាដែលមានអាយុចាប់ពី ១៨ ដល់ ២៩ឆ្នាំ អាចបង្កើតជាក្រុមដែលមានសមាជិកចាប់ពី ២ ទៅ ៤នាក់ និងសមាសភាពសមាជិកជាស្ត្រីចាប់ពី៥០ ភាគរយ ហើយក្រុមនីមួយៗអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនឬមាស៊ីនថត ជាឧបករណ៍ផលិតវីដេអូខ្លីរបស់ខ្លួនបាន។ ជាពិសេស អង្គការលើកទឹកចិត្តដល់ក្រុមយុវតីនៅតំបន់ជនបទ ជនជាតិភាគតិច ជនជាតិដើមភាគតិច អ្នកមានពិការភាព និងយុវតីនៅ ក្នុងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ដាក់ពាក្យចូលរួមប្រកួត។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងទម្រង់ពាក្យសុំ សូមចូលទៅកាន់គេហទំព័រផ្លូវការតាមរយៈ តំណភ្ជាប់ 

គួររំលឹកថា ការប្រកួតនេះ នឹងជ្រើសរើសរង្វាន់ចំនួន៥ក្នុងនោះរួមមាន រង្វាន់លេខ ១ នឹងទទួលបានទឹកប្រាក់ចំនួន ៨០០ ដុល្លារអាមេរិក រីឯរង្វាន់លេខ ២ ដែលមានតម្លៃ ៦០០ ដុល្លារអាមេរិក និងរង្វាន់លេខ ៣ ដែលមានតម្លៃ ៥០០ ដុល្លារអាមេរិក។ លើសពីនេះទៅទៀត គណៈកម្មការក៏នឹងផ្តល់រង្វាន់លើកទឹកចិត្តជាទឹកប្រាក់ ២០០ ដុល្លារអាមេរិក សម្រាប់វីដេអូចំនួន ២ បន្ថែមទៀតដែលមានគុណភាពល្អផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង