Cctime 6monthsfree desktop
Cc times  web banner kh (2)

រយៈពេល១១ខែ លោក ទីវ តារារិទ្ធិ ជិះកង់ឆ្លងកាត់ជាង១៥ ប្រទេស ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ទីវ តារារិទ្ធិ ជាអ្នកជិះកង់ពីកម្ពុជា ឆ្ពោះទៅទ្វីបអឺរ៉ុប ក្នុងបេសកកម្មរៃអង្គាសថវិកាជួយដល់កុមារកម្ពុជាបានឱ្យដឹងថា គិតមកដល់ថ្ងៃទី៣០ ខែមេសា បេសកកម្មរបស់លោកបានប្រព្រឹតទៅអស់រយៈពេល ១១ខែ គឺលោកបានធ្វើដំណើរចេញពីខេត្តសៀមរាប ប្រទេសកម្ពុជា ដោយឆ្លងកាត់ជាង១៥ ប្រទេស លើតម្រាយផ្លូវជាង ២ម៉ឺនគីឡូម៉ែត្រ និងបានជួបឧបសគ្គជាច្រើន នៅលើផ្លូវបេសកកម្មដ៏សែនវែងឆ្ងាយមួយនេះ។ ក៏ប៉ុន្តែ ទាំងនេះវាមិនបានក្លាយជារនាំងបិទផ្លូវដល់ដំណើរកៀងគរថវិកាថវិកាពីសប្បុរសជននានា ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជានោះទេ។

លោក ទីវ តារារិទ្ធិ បានឱ្យដឹងថា ចំពោះឧបសគ្គធំៗនៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌របស់លោក គឺការស្នើសុំវីសា ដើម្បីឆ្លងកាត់ប្រទេសនីមួយៗ ជាក់ស្តែងនៅពេលឆ្លងកាត់ប្រទេសឥណ្ឌា គឺត្រូវរងចាំវីសារហូត ៨សប្តាហ៍ឯណោះ ចំណុចនេះបានធ្វើឱ្យការធ្វើដំណើររៃអង្គាសថវិការបស់លោកត្រូវយឺតយ៉ាវ។ ដែលផែនការឆ្ពោះកាន់ទ្វីបអឺរ៉ុប ខកខានពោលគឺរយៈពេល១១ខែមកនេះ លោកទើបធ្វើដំណើរមកតំបន់មជ្ឈឹមបូព៌ាតែប៉ុណ្ណោះ។

ដំណើរជិះកង់ផ្សងព្រេងឆ្លងទ្វីប រៃអង្គាសថវិកាជួយដល់កុមារកម្ពុជារបស់លោក ទីវ តារារិទ្ធិ បានប្រព្រឹតទៅបានរយៈពេល ៣៣៨ថ្ងៃ ដោយរាប់ពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥។ លោកបានបញ្ជាក់ថានឹងបន្ដដំណើរឆ្លងទ្វីបអាហ្វ្រិកទៀត បន្ទាប់ឆ្លងកាត់ប្រទេសនៅទ្វីបអឺរ៉ុប ដោយបេសកកម្មនេះ អាចចំនាយពេលសរុប ២ឆ្នាំ លើចម្ងាយផ្លូវជាង ៤ម៉ឺនគីឡូម៉ែត្រ។

លោក ទីវ តារារិទ្ធិ បានបញ្ជាក់ថា ក្នុងដំណើរបេសកម្មជិះកងឆ្ពោះទៅកាន់ទ្វីបអឺរ៉ុបនេះ លោកបានដាក់គោលដៅរៃថវិកា ២៥ម៉ឺនដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ លោក ទីវ តារារិទ្ធិ នឹងមិនបញ្ចប់បេសកកម្មនេះត្រឹមតែឆ្លងទៅដល់ទ្វីបអឺរ៉ុបទេ ផ្ទុយទៅវិញ រូបលោកកាន់តែពេញចិត្តចំពោះកិច្ចការសប្បុរសធម៌ ដែលប្រកបដោយការផ្សងព្រេងនេះ។ យុវជន តារារិទ្ធិ បានបញ្ជាក់ថាលោកនឹងបន្ដដំណើរទៅទ្វីបអាហ្វ្រិកខាងត្បូងទៀត។ ការធ្វើដំណើរពីទ្វីបអឺរ៉ុប ទៅទ្វីបអាហ្វ្រិកខាងត្បូង មានចម្ងាយជាង ២ម៉ឺនគីឡូម៉ែត្រ ដែលធ្វើឱ្យអ្នកជិះកង់រូបនេះ ជឿថាអាចនឹងត្រូវចំណាយពេល ១ឆ្នាំបន្ថែមទៀត។

លោក តារារិទ្ធ ធ្លាប់ជោគជ័យម្ដងរួចមកហើយ ក្នុងការជិះកង់ជុំវិញប្រទេសអាស៊ាន កាលពីពាក់កណ្ដាលឆ្នាំ២០២៣។ អ្នកជិះកង់រូបនេះ បានឆ្លងកាត់ ៦ប្រទេសដូចជា៖ វៀតណាម, ឡាវ, ថៃ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងសិង្ហបុរី ដោយប្រើរយៈពេលជាង ៣ខែ លើចម្ងាយផ្លូវ ៩ ៧៥០គីឡូម៉ែត្រ និងរៃបានថវិកា ៥៦២៥៧ដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ។

មកដល់ពេលនេះ លោក តារារិទ្ធ បានធ្វើការជិះកងអស់រយៈពេល៦ឆ្នាំហើយ ចាប់ពីឆ្នាំ២០១៧ ដោយបានធ្វើដំណើរទៅកន្លែងជាច្រើន ដែលអស្ចារ្យ ជាពិសេសនៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរផ្សងព្រេងចូលទៅតំបន់ព្រៃជ្រៅៗ ដាច់ស្រយាល ហើយបានឃើញអំពីទិដ្ឋភាពជាក់ស្តែងនៃប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ ប៉ុន្តែលោកបានមើលឃើញចំណុចខ្វះខាតលើផ្នែកមន្ទីរពេទ្យ សាលារៀន ថ្នាំសង្កូវ និងអាហារមួយចំនួនផងដែរ។ យុវជនរូបនេះបានបញ្ជាក់ថា ចាប់តាំងពីពេលនោះមករូបលោកមានបំណងប្រាថ្នាចង់ធ្វើអ្វីមួយឱ្យបានជាអត្ថប្រយោជន៍ ក៏ដូចជាឱកាសនៅក្នុងការចូលរួមចំណែកនៅក្នុងការជួយអភិវឌ្ឍនសង្គម៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង