
ភ្នំពេញ៖យុវជន ភាព សុភ័ក អតីតសិស្សនិទ្ទេស A និងជាអ្នកផលិតមាតិកាអប់រំ បាននិពន្ធស្នាដៃទី២ក្រោមចំណងជើង «ជំហាននិស្សិត»។ ស្នាដៃរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ ក្តោបនូវអត្ថន័យខ្លឹមសារជំរុញសិស្សនិស្សិតដើម្បីអាចឈ្វេងយល់ពីដំណើរក្នុងការត្រៀមលក្ខណៈទៅកាន់ជីវិតជានិស្សិត និងគន្លឹះក្នុងការចំណាយពេលវេលាដើម្បីកសាងសមត្ថភាពដើម្បីអនាគតរបស់យុវជន។

យុវជន ភាព សុភ័ក មានស្រុកកំណើតមកពីស្រុកពញាឮ ខេត្តកណ្តាល ហើយជាកូនទី៤ ក្នុងចំណោមបងប្អូន៥នាក់ ក្នុងគ្រួសារដែលមានជីវភាពមធ្យមមួយ។ កាលពីវ័យក្មេង សុភ័ក មានប្រវត្តិការសិក្សាមិនសូវពូកែ ប៉ុន្តែនៅពេលជិតចប់ថ្នាក់អនុវិទ្យាល័យ គាត់ចាប់ផ្តើមផ្លាស់ប្តូរខ្លួនក្លាយជាសិស្សពូកែ តាំងពីថា្នក់ទី៩ រហូតដល់ថ្នាក់ទី១២ ព្រមទាំងទទួលបាននិទ្ទេស A នៅសម័យប្រឡងបាក់ឌុបកាលពីឆ្នាំ២០១៨។ ក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ យុវជនរូបនេះ បានបន្តការសិក្សាមកភ្នំពេញដោយទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញ អក្សរសាស្រ្តនិងភាសាអង់គ្លេសនៅសាកលវិទ្យាល័យ។ ក្នុងនាមជានិស្សិត លោកបានទទួលឱកាសផ្លាស់ប្តូរការសិក្សាទៅប្រទេសនានាដូចជា សហរដ្ឋអាម៉េរិក ប្រទេសជប៉ុន ប្រទេសឥណ្ឌូនេស៊ី និងប្រទេសវៀតណាម ដោយសារតែការខិតខំប្រឹងប្រែងលត់ដំសមត្ថភាពឥតឈប់ឈររបស់ខ្លួន។

បច្ចុប្បន្ន សុភ័ក បានក្លាយជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម ជាអ្នកនិពន្ធសៀវភៅសិស្សឆ្នើមនិទ្ទេសA និងសៀវភៅជំហាននិស្សិត ព្រមទាំងជាគ្រូបង្រៀនភាសាអង់ គ្លេសក្រៅម៉ោងមួយរូប។ ក្នុងនាមជាអ្នកផលិតមាតិកា កន្លងមក លោកបានបង្កើតវីដេអូពាក់ព័ន្ធនឹងការសិក្សាជាច្រើន រួមមានវីដេអូអំពីការត្រៀមប្រឡងបាក់ឌុប ការត្រៀមខ្លួនចូលសាកលវិទ្យាល័យ ការស្វែងរកអាហារូបករណ៍ ការផ្លាស់ប្តូរការសិក្សាក្រៅប្រទេសជាដើម។

លើសពីការសរសេរ និងវត្តមានតាមអនឡាញ សុភ័ក ក៏ជាវាគ្មិន និងអ្នកលើកទឹកចិត្តដ៏មានប្រជាប្រិយភាពផងដែរ ដែលតែងតែចែករំលែកនូវគំនិត និងបទពិសោធន៍របស់លោកនៅក្នុងវេទិកាសាធារណៈផ្សេងៗ។គោលដៅដ៏មុតមាំរបស់លោកគឺដើម្បីបំផុសគំនិតយុវជនកម្ពុជាឱ្យស្រឡាញ់ការរៀនសូត្រ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងបន្តក្តីសុបិនរបស់ពួកគេដោយភាពក្លាហាន។

សុភ័ក បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា លោកបានសម្រេចចិត្តចងក្រងសៀវភៅមួយក្បាលនេះឡើងគឺដោយសារលោកតែងតែទទួលបានសំណួរជាច្រើនពាក់ព័ន្ធ នឹងការរៀននៅសាកលវិទ្យាល័យ ម្យ៉ាងវិញទៀត លោកផ្ទាល់កាលជាសិស្សទើបនឹងចប់បាក់ឌុបភ្លាមៗហាក់មិនសូវទទួលបានព័ត៌មានច្រើនពីការរៀននៅសាកលវិទ្យាល័យ ដូច្នេះហើយ ទើបលោកចង់ឱ្យសៀវភៅមួយក្បាលនេះក្លាយជាផ្នែកមួយក្នុងការត្រួសត្រាយផ្លូវបន្ទាប់ពីបញ្ចប់ពីវិទ្យាល័យមកកាន់សាកលវិទ្យាល័យ។

គួររំលឹកថា សៀវភៅ ជំហាននិស្សិត គឺជាសៀវភៅទី២ បន្ទាប់ពីសៀវភៅសិស្សឆ្នើមនិទ្ទេសA ដែលជាសៀវភៅផ្តោតសំខាន់លើសិស្សវិទ្យាល័យជាចម្បង ក្នុងការត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡងបាក់ឌុប ការបង្ហាញពីគន្លឹះសិក្សាផ្សេងៗ ការជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ និងការត្រៀមលក្ខណៈចូលសាកលវិទ្យាល័យ៕
