
ភ្នំពេញ៖ ពានរង្វាន់ឡាដាវ៉ាន់ លើកទី១ ឆ្នាំ២០២៥ បានប្រកាសបើកទទួលស្នាដៃប្រលោមលោកពីអ្នកនិពន្ធខ្មែរទូទាំងប្រទេស ក្រោមប្រធានបទ «ជីវិត និងក្ដីសង្ឃឹម»។ ការប្រកួតប្រជែងនេះមានគោលបំណងលើកទឹកចិត្ត និងផ្តល់ឱកាសដល់អ្នកដែលមានទេពកោសល្យក្នុងការសរសេរ ដើម្បីបង្ហាញស្នាដៃ និងចែករំលែកទស្សនៈចម្រុះស្តីពីដំណើរនៃជីវិត និងសារៈសំខាន់នៃក្តីសង្ឃឹមដែលជាកម្លាំងចលករដ៏សំខាន់សម្រាប់មនុស្សគ្រប់រូប។កាលបរិច្ឆេទនៃការទទួលស្នាដៃ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ៥ល្ងាចជាកំហិត។
កាលពីឆ្នាំ២០២០ ស៊ីប៉ាបានបោះពុម្ពផ្សាយសៀវភៅប្រលោមលោកដែលអ្នកស្រី ឡាដាវ៉ាន់ ជាអ្នកតែងនិពន្ធ ក្រោមចំណងជើងថា «ឡាដាវ៉ាន់ ផ្កាអរគីដេព្រៃ» ដែលរម្លឹករឿងរ៉ាវកើតឡើងជាច្រើនដំណាក់កាលដែលអ្នកស្រី និងប្រជាជនខ្មែរធ្លាប់ឆ្លងកាត់ ទាំងជីវិតនៅជនបទ ជីវិតក្នុងសង្គ្រាម ការជួបជុំ និងការព្រាត់ប្រាសគ្នាក្រោយសង្គ្រាម។ ឆ្នាំ២០២៥នេះ ស៊ីប៉ាបានសហការជាមួយលោក Christophe Vallantin Dulac ដែលជាស្វាមីរបស់អ្នកស្រី ឡាដាវ៉ាន់ ស៊ីប៉ាបង្កើតពានរង្វាន់ឡាដាវ៉ាន់នេះឡើង ដោយជ្រើសរើសប្រធានបទ «ជីវិត និងក្ដីសង្ឃឹម» ដើម្បីរម្លឹកដល់ជីវិតតស៊ូរបស់អ្នកស្រី ឡាដាវ៉ាន់ ដែលទោះជាស្ថានភាពលំបាកយ៉ាងណា អ្នកស្រីនៅតែមានស្នាមញញឹមនិងក្ដីសង្ឃឹម។

បើតាមគេហទំព័រស៊ីប៉ា លក្ខខណ្ឌនៃការចូលរួមប្រកួត ពានរង្វាន់ឡាដាវ៉ាន់បានកំណត់យ៉ាងច្បាស់លាស់ថា បេក្ខជនត្រូវតែជាជនជាតិខ្មែរ ហើយស្នាដៃត្រូវសរសេរជាភាសាខ្មែរ។ បន្ថែមពីលើស្នាដៃប្រលោមលោក បេក្ខជនត្រូវភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប និងលិខិតបញ្ជាក់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនចំពោះការចូលរួមប្រកួត (មិនលើសពីមួយទំព័រ)។ ស្នាដៃដែលដាក់ចូលរួមប្រកួតត្រូវតែផ្តោតសំខាន់សម្រាប់អ្នកអានដែលមានអាយុចាប់ពី ១៥ឆ្នាំឡើងទៅ ហើយបេក្ខជនម្នាក់មានសិទ្ធិចូលរួមបានតែមួយស្នាដៃប៉ុណ្ណោះ ដែលស្នាដៃនោះមិនធ្លាប់ទទួលបានពានរង្វាន់ ឬបោះពុម្ពផ្សាយពីមុនមក។
បន្ថែមពីនេះ បណ្ណាគារស៊ីប៉ាបានគូសបញ្ជាក់ថា ស្នាដៃត្រូវវាយជាអត្ថបទដោយប្រើកូដយូនីកូដខ្មែរ ទំហំអក្សរ ១២ ពុម្ពអក្សរ Khmer OS Battambang លើទំហំក្រដាស A4 ដែលមានប្រវែងចន្លោះពី ៧០ ទៅ ១០០ ទំព័រ ហើយការប្រើប្រាស់ពាក្យពេចន៍ត្រូវគោរពតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត។ កាលបរិច្ឆេទនៃការទទួលស្នាដៃ គឺចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ វេលាម៉ោង ៥ល្ងាចជាកំហិត តាមរយៈ តំណភ្ជាប់ ។
គួរបញ្ជាក់ថា ការប្រកាសលទ្ធផលជ័យលាភី និងការប្រគល់រង្វាន់នឹងប្រព្រឹត្តទៅយ៉ាងឱឡារិកនៅក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅកម្ពុជាលើកទី ១២ ដែលគ្រោងនឹងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ ២០២៥។ សម្រាប់អ្នកនិពន្ធដែលទទួលបានជោគជ័យក្នុងការប្រកួតពានរង្វាន់ឡាដាវ៉ាន់ នឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងពិសេស ដោយជ័យលាភីលេខ១ នឹងត្រូវបានផ្តល់ជូននូវពានកិត្តិយស វិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់ និងថវិកាចំនួន ២ ០០០ ០០០ រៀល។ ចំណែកឯជ័យលាភីលេខ២ វិញ នឹងទទួលបានពានរង្វាន់ វិញ្ញាបនបត្រ និងថវិកា ១ ៥០០ ០០០ រៀល ហើយជ័យលាភីលេខ៣ នឹងទទួលបានពានរង្វាន់ វិញ្ញាបនបត្រ និងថវិកា ១ ០០០ ០០០ រៀលជាការកោតសរសើរចំពោះទេពកោសល្យ និងការច្នៃប្រឌិតរបស់ពួកគេ៕