Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្នុងចំណោមជាង២ពាន់សំបុត្រ កុមារីបីនាក់បានទទួលជ័យលាភីក្នុងការ«ប្រកួតសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាពពី៖ ក្រសួងប្រៃសនីយ៍

ភ្នំពេញ៖ កុមារី ប៉ូ មុនីណាតាលី មកពីភ្នំពេញ, កុមារី ភោគ បុញ្ញតា មកពីខេត្តកណ្តាល និងកុមារី ស្រឿន ស្រីគីម មកពីខេត្តកំពង់ចាម គឺជាបេក្ខជនដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១, លេខ២ និងលេខ៣ ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ ឆ្នាំ២០២៥ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណេរសំបុត្រសរុបចំនួន ២,១០២ និងវគ្គសម្ភាសន៍បេក្ខជន ១០រូបដែលបានជ្រើសរើសពីវគ្គដំបូង។ កម្មវិធីប្រកួតសរសេរសំបុត្រឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ “ស្រមៃថាអ្នកគឺជាមហាសមុទ្រចូរសរសេរសំបុត្រទៅនរណាម្នាក់ដែល ពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ”។

យោងតាមសេចក្តីជូនដំណឹងជាផ្លូវការរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោយពីបានធ្វើការវាយតម្លៃយ៉ាងម៉ត់ចត់លើសំណេរសំបុត្រសរុបចំនួន ២,១០២ ដែលបានមកពីបេក្ខជនជាសិស្សានុសិស្សទូទាំងប្រទេស គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនចំនួន ១០រូប ដែលមានស្នាដៃល្អ និងទទួលបានពិន្ទុខ្ពស់បំផុត សម្រាប់វគ្គជម្រុះទី១ ហើយបេក្ខជនទាំង ១០រូបនោះ បានបន្តចូលរួមក្នុងវគ្គជម្រុះទី២ តាមរយៈការសម្ភាសន៍ផ្ទាល់ជាមួយគណៈកម្មការ ដើម្បីធ្វើបទបង្ហាញ និងពន្យល់ខ្លឹមសារនៃសំបុត្ររបស់ខ្លួន។

ជាលទ្ធផលនៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៤ ឆ្នាំ២០២៥ បេក្ខជនជ័យលាភីទាំងបីរូប រួមមាន កុមារី ប៉ូ មុនីណាតាលី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១, កុមារី ភោគ បុញ្ញតា មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ២ និងកុមារី ស្រឿន ស្រីគីម មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម ទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ៣។

សម្រាប់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន ៤ លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង, ជ័យលាភីលេខ២ ទទួលបានសាច់ប្រាក់ចំនួន ២ លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿង ខណៈដែលជ័យលាភីចំណាត់ថ្នាក់លេខ ៣ នឹងទទួលបានសាច់ប្រាក់ចំនួន ១ លានរៀល និងកុំព្យូទ័រយួរដៃ ១គ្រឿងផងដែរ។

បន្ថែមពីនេះ ក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ក្រសួងនឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ របស់កុមារី ប៉ូ មុនីណាតាលី ជាតំណាងឱ្យប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសរសេរសំបុត្រអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) ដែលមានការចូលរួមពីប្រទេសជាសមាជិកចំនួន ១៩២ប្រទេស។

គួររំលឹកថា កម្មវិធីប្រកួតសរសេរសំបុត្រឆ្នាំ២០២៥ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ “ស្រមៃថាអ្នកគឺជាមហាសមុទ្រចូរសរសេរសំបុត្រទៅនរណាម្នាក់ដែល ពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ”៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង