
ភ្នំពេញ៖ កម្មវិធីជំនាន់ថ្មី ជ្រើសរើសយុវជននៅភ្នំពេញ និងសៀមរាប ដែលមានអាយុចន្លោះ ១៩ ទៅ ២៤ឆ្នាំ ដើម្បី«ពង្រឹងភាពជាអ្នកដឹកនាំ និងអនុវត្តគម្រោងសហគមន៍»។ កម្មវិធីជំនាន់ថ្មីបានផ្តួចផ្តើម និងបង្កើតឡើងដោយយូនីសេហ្វ ដើម្បីគាំទ្រ និងផ្សព្វផ្សាយអំពីអនាគតអ្នកដឹកនាំវ័យក្មេងរបស់ប្រទេសកម្ពុជា ហើយកម្មវិធីកំពុងអនុវត្តដោយ Impact Hub Phnom Penh។

យោងតាមគេហទំព័រផ្លូវការនៃអង្គការយូនីសេហ្វ បានឱ្យដឹងថាកម្មវិធីជំនាន់ថ្មី នឹងផ្តល់អំណាចដល់យុវជនមកពីមជ្ឈដ្ឋានចម្រុះក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ដើម្បីបណ្តុះបណ្តាលពួកគេក្លាយជាអ្នកដោះស្រាយបញ្ហា អ្នកច្នៃប្រឌិតសង្គម និងអ្នកផ្លាស់ប្តូរនៅក្នុងសហគមន៍របស់ពួកគេ។

បើតាមយូនីសេហ្វ ដើម្បីអាចដាក់ពាក្យចូលរួមបាន បេក្ខជនត្រូវមានអាយុចន្លោះពី 19 ទៅ 24 ឆ្នាំ ហើយបច្ចុប្បន្នរស់នៅក្នុង រាជធានីភ្នំពេញ ឬខេត្តសៀមរាប ហើយ ជាអ្នកមានឆន្ទៈក្នុងការដោះស្រាយបញ្ហាសង្គម និងជាអ្នកមិនគ្រាន់តែចង់ស្រមៃពីផលប៉ះពាល់សង្គមនោះទេ - អ្នកចង់ក្លាយជាអ្នកផ្លាស់ប្តូរ និងបង្កើតវានៅក្នុងសហគមន៍របស់អ្នក ។ ជាពិសេស បេក្ខជនជាអ្នកដែលកំពុងស្វែងរកឱកាសពង្រឹងភាពជាអ្នកដឹកនាំ និងជាពិសេសចង់មានបទពិសោធន៍ក្នុងការអនុវត្តគម្រោងសហគមន៍ដែលមានការណែនាំផ្ទាល់ពីអ្នកជំនាញ។

គួរបញ្ជាក់ថា ប្រសិនបេក្ខជនត្រូវបានជ្រើសរើស បេក្ខជននឹងទទួលបានការបង្ហាត់បង្រៀន និងការផ្ដល់មូលនិធិគ្រាប់ពូជ 1000$ ដើម្បីដឹកនាំគម្រោងសហគមន៍។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណភ្ជាប់ ។ បេក្ខជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ ឱ្យបានត្រឹមថ្ងៃទី ២៤ ឧសភា ២០២៥៕

