រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកម្មវិធីសម្ពោធបើកពិព័រណ៍ស្តីពី “Angkor Royal Bronzes: Art of the Divine" ដែលរៀបចំសហការដោយសារមន្ទីរសិល្បៈអាស៊ីហ្គីមេ(Guimet) សាលាបារាំងចុងបូព៌ាប្រទេស(EFEO) វិទ្យាស្ថានស្រាវជ្រាវនិងជួសជុលនៃសារមន្ទីរបារាំង (C2RMF) និងសារមន្ទីរជាតិកម្ពុជា។ ពិព័រណ៍នេះមានវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងវប្បធម៌បារាំង តំណាងស្ថាប័នពាក់ព័ន្ធ អ្នកជំនាញផ្នែកវប្បធម៌ ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ និងអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានធំៗលើពិភពលោកចំនួន៧៤នាក់ផងដែរ។
ពិព័រណ៍មិនអចិន្ត្រៃយ៍នេះ នឹងដាក់តាំងនៅសារមន្ទីរហ្គីមេប្រទេសបារាំងរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ហើយពិព័រណ៍នេះទាំងស្រុងនឹងបន្តទៅដាក់តាំងផ្សព្វផ្សាយនៅសារមន្ទីរ Minneapolis Institute of Art, Minnesota នាចុងឆ្នាំ២០២៥។ ដោយឡែកនៅពេលបញ្ចប់ពិព័រណ៍នៅរដ្ឋមីនីសូតានាដើមឆ្នាំ២០២៦ រូបចម្លាក់ព្រះនារាយណ៍ផ្ទុំធំចំនួន១ នឹងបន្តទៅដាក់តាំងនៅសារមន្ទីរ Smithsonian National Museum of Asian Art, Washington, D.C. និងសារមន្ទីរAsian Art Museum, San Francisco រហូតដល់ដើមឆ្នាំ២០២៧។
ក្រោមការដឹកនាំ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានរមែងទុកវប្បធម៌ជាអទិភាពក្នុងវិស័យការទូត ជាការពង្រឹងអត្តសញ្ញាណជាតិ រួមទាំងជម្រុញពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាការត្រៀមរៀបចំទទួលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាឆ្នាំក្រោយនេះ។ កម្ពុជាមានមោទនភាពខ្ពស់បំផុតចំពោះស្នាដៃដូនតា ដែលទោះជាមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ក៏នៅតែជាឯកអគ្គរាជទូតដ៏ធំធេងបំផុតនាំកម្ពុជាទៅលើឆាកអន្តរជាតិ៕