Cctime 6monthsfree desktop
Cc times  web banner kh (2)

KOICA និង WFP ចូលរួមជាមួយក្រសួងអប់រំក្នុងការផ្តល់អាហារដល់កុមារថ្នាក់មតេយ្យ និងបឋមសិក្សាប្រមាណ ១៣ម៉ឺននាក់

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដើម្បីបន្តគាំទ្រដល់ការពង្រីកកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលសហគមន៍ សម្រាប់អនុវត្តពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៩។ ក្រសួងអប់រំ បានគូសបញ្ជាក់ថា ការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ និងជាការវិនិយោគលើអនាគតរបស់កម្ពុជា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីនៃក្រសួងអប់រំ បានគូសបញ្ជាក់ថា​ ការចុះហត្ថលេខាលើគម្រោងបន្ថែមនេះ បង្ហាញពីភាពជាដៃគូកាន់តែស៊ីជម្រៅរវាងក្រសួងអប់រំ យុវជន និងកីឡា KOICA និង WFP ក្នុងការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជាតាមរយៈកម្មវិធីជាតិផ្តល់អាហារតាមសាលារៀន។ គម្រោងថ្មីនេះមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិក ដែលនឹងជួយពន្លឿនការធ្វើស្ថាប័នូបនីយកម្មនៃកម្មវិធីជាតិផ្តល់អាហារតាមសាលារៀននៅទូទាំងប្រទេស។ បច្ចុប្បន្ន កម្មវិធីនេះកំពុងផ្តល់អាហារដល់សិស្សានុសិស្សប្រមាណ ១៩០,០០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៦៨៦ ក្នុងចំណោមគោលដៅ ១,១១៤។

បើតាមក្រសួងអប់រំ ការវិនិយោគបន្ថែមពីរដ្ឋាភិបាលកូរ៉េនេះ នឹងអនុញ្ញាតឱ្យក្រសួងអប់រំ និង WFP អាចបន្តផ្តល់អាហារក្តៅៗប្រកបដោយជីវជាតិជារៀងរាល់ព្រឹក សម្រាប់រយៈពេល ៥ឆ្នាំបន្តទៀត ដល់សិស្សានុសិស្សថ្នាក់មត្តេយ្យ និងបឋមសិក្សាប្រមាណ ១៣៣,៣០០នាក់ នៅតាមសាលាបឋមសិក្សាចំនួន ៤២៨ ដោយជឿជាក់ថាកម្មវិធីនេះក៏ជួយកសាងប្រព័ន្ធអប់រំមួយឱ្យកាន់តែរឹងមាំ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិ។

គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនកាលពីខែសីហា ឆ្នាំ២០២៤ ដែលជាជំហានដ៏សំខាន់ក្នុងការទទួលស្គាល់តួនាទីរបស់កម្មវិធីនេះក្នុងការលើកកម្ពស់គុណភាពអប់រំ អាហារូបត្ថម្ភកុមារ វិស័យកសិកម្ម និងកិច្ចគាំពារសង្គម។ កម្មវិធីនេះត្រូវបានបង្កើតឡើងស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍មូលធនមនុស្ស និងអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង