Cctime 6monthsfree desktop
Cc times  web banner kh (2)

សិស្សពូកែមកពី២៥រាជធានី-ខេត្ត ២៤០នាក់ បានមក«ប្រឡងសិស្សពូកែទូទាំងប្រទេស» នៅភ្នំពេញ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ក្រសួងអប់រំ បានរៀបចំពិធីបើកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស កាលពីថ្ងៃទី២៦ មេសា ២០២៥ ដើម្បីស្វាគមន៍សិស្សពូកែមកពី ២៥រាជធានី-ខេត្ត នៅមណ្ឌលប្រឡង វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ដំណើរការវិញ្ញាសាសរសេរប្រព្រឹត្តទៅ ចំនួន២ពេល គឺ ព្រឹកថ្ងៃទី២៧ ទី២៨ ខែមេសា ឆ្នាំ២០២៥ ហើយការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

លោក ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា

យោងតាមរបាយការណ៍ស្វាគមន៍របស់ បណ្ឌិត ហួ ឈុនគ្រី អគ្គាធិការ នៃក្រសួងអប់រំ បេក្ខជនដែលបានចូលរួមប្រឡងជ្រើសរើសសិស្សពូកែឆ្នាំ២០២៥នេះ មានចំនួនសរុប ២៤០នាក់ ស្រី ១២៦នាក់ មកពី១៦២គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងឯកជន (ថ្នាក់ទី៩ និងថ្នាក់ទី១២)។ ដំណើរការប្រឡងសិស្សពូកែឆ្នាំ២០២៥ នេះប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ទាំងដំណើរការសំណេរ កំណែ ស្រង់ បូកពិន្ទុ និងកម្មវិធីបើក-បិទ។

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

មុននឹងឈានមកដល់ការប្រឡងទូទាំងប្រទេស សិស្សពូកែទាំង២៤០រូប បានឆ្លងកាត់ការជម្រុះនៅតាមរាជធានីខេត្តរបស់ខ្លួន ដែលមានការរៀបចំដោយមន្ទីរអប់រំ ទើបបញ្ជូនមកប្រឡងនៅវគ្គទូទាំងប្រទេស ដែលប្រព្រឹត្តទៅរយៈពេលពីថ្ងៃរាប់ចាប់ពីថ្ងៃទី ២៧ និង២៨ មេសា ២០២៥ នៅវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ។ ពិធីបិទ និងការប្រកាសលទ្ធផលប្រឡងសិស្សពូកែនឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា


ក្រសួងអប់រំ រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសជារៀងរាល់ឆ្នាំ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍធនធានមនុស្សប្រកបដោយសីលធម៌ និងចំណេះដឹងខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រអាចបញ្ចេញអស់សមត្ថភាព បង្ហាញសក្ដានុពលរៀងខ្លួន។

រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

គួររំលឹកថា នាឆ្នាំ២០២៥នេះ ក្នុងដំណើរការប្រឡងសិស្សពូកែ មន្ទីរអប់រំ រាជធានី-ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីដណ្តើមជ័យលាភីថ្នាក់រាជធានី-ខេត្ត តាមមុខវិជ្ជា តាមកម្រិតថ្នាក់ តាមចំនួនកំណត់ក្នុងតារាងបែងចែកជូនភ្ជាប់ រួចបញ្ជូនបេក្ខភាពមកចូលរួមប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង