Cctime 6monthsfree desktop
Cc times  web banner kh (2)

បេក្ខជន១៦ក្រុម នឹងប្រកួត«កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥» វគ្គជម្រុះជុំទី២ នៅថ្ងៃទី ២៦-២៧ មេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភព៖ National Youth Debate

ភ្នំពេញ៖ បេក្ខជន១៦វិទ្យាល័យ នឹងប្រកួតកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ "វគ្គជម្រុះជុំទី២" នៅថ្ងៃទី ២៦-២៧ មេសា ២០២៥ លើប្រធានបទចំនួន ៨។ បេក្ខជនទាំង១៦ក្រុម មកពី ព្រះវិហារ ប៉ៃលិន សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង តាកែវ ព្រៃវែង ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ធំ ភ្នំពេញ សមាគមកាយឬទ្ធិនារីកម្ពុជា និងកាយរិទ្ធជាតិកម្ពុជា។​

យោងតាមការប្រកាសលទ្ធផលតាមបណ្តាញសង្គមក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនទាំង១៦ក្រុមដែលបានជាប់ទៅវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ មាន២ក្រុម មកពី សមាគមកាយឬទ្ធិនារីកម្ពុជា និង កាយរិទ្ធជាតិកម្ពុជា និង ១២ក្រុម បណ្តាវិទ្យាល័យឯកជន និងរដ្ឋ ដែលនៅខេត្តចំនួន ១២ ដូចជា ព្រះវិហារ ប៉ៃលិន សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង តាកែវ ព្រៃវែង ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ធំ និង២ក្រុមមកពី ភ្នំពេញ។

បើតាមសេចក្តីជូនដំណឹងពីការប្រកួត នាថ្ងៃ២៥មេសា ប្រធានបទទាំង៨រួមមាន ការពង្រឹងធុរកិច្ចឌីជីថលនៅកម្ពុជាជាយុទ្ធសាស្ត្រអាទិភាពក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា , ការកើនឡើងនៃតម្លៃអចលនទ្រព្យគឺជាកត្តាចម្បងបង្កឱ្យមានជម្លោះដីធ្លី, ការលើកកម្ពស់កាលានុវត្តភាពការសិក្សាពេញមួយជីវិតដល់យុវជន ជាកត្តាយ៉ាងសំខាន់ជំរុញកំណើនអក្ខរកម្មនៅកម្ពុជា, កង្វះការយល់ដឹងពីប្រវត្តិសាស្ត្រ គឺជាមូលហេតុចម្បងនាំឱ្យមានភាពអនាធិបតេយ្យក្នុងសង្គម, ឌីជីថលរូបនីយកម្ម គឺជាកត្តាសំខាន់ក្នុងការបើកទ្វារអាជីវកម្មខ្នាតតូចចូលទៅកាន់ទីផ្សារពិភពលោក, ការបង្កើនបរិមាណគ្រូជាមធ្យោបាយប្រសើរបំផុតជាងការបង្កើនបរិមាណសាលារៀនដើម្បីលើកកម្ពស់គុណភាពអប់រំ, ការបួសហើយសឹករបស់ព្រះសង្ឃមានចំណេះដឹង ជាកត្តាចម្បងនាំឱ្យពុទ្ធបរិស័ទបាត់បង់ជំនឿលើព្រះពុទ្ធសាសនា, ការបង្រៀនកុមារឱ្យចេះភាសាបរទេសមុនភាសាជាតិ គឺជាកត្តាចម្បងដែលនាំឱ្យកម្ពុជាធ្លាក់ចុះនូវការប្រើប្រាស់ភាសាជាតិ។

ក្រសួងអប់រំបានគួសបញ្ជាក់ថា ការប្រកួតនេះ នឹងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា (MoEYS Cambodia) នៅថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹកតទៅ ដែល សាធារណជនអាចទស្សនា និងចូលរួមបោះឆ្នោតគាំទ្រជូនដល់បេក្ខជនទាំង១៦ក្រុម។

កម្មវិធីជជែកដេញដោលថ្នាក់ជាតិ២០២៥ ត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ដែលផ្តល់ឱកាសដល់សិស្សានុសិស្សនៅកម្រិតថ្នាក់វិទ្យាល័យ បញ្ចេញសមត្ថភាពក្នុងការបន្លឺសម្លេងរបស់ពួកគេតាមរយៈការប្រកួតជជែកដេញដោលជាក្រុម ជាមួយនឹងបេក្ខជនផ្សេងៗទៀតមកពីបណ្តាលវិទ្យាល័យនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា​ ដែលការជជែកដេញដោលធ្វើឡើងជាភាសាខ្មែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង