
ភ្នំពេញ៖ ការប្រកួតប្រជែងការច្នៃប្រឌិតតិចណូកម្ពុជា (Techno Innovation Challenge Cambodia ) បើកឱកាសអោយនិស្សិតមកពីគ្រប់សាកលវិទ្យាល័យ ឬវិទ្យាស្ថានទាំងអស់ មកពីជំនាញផ្សេងៗធ្វើការចូលរួមសហការគ្នា រចនា បង្កើត និងដាក់បង្ហាញនូវដំណោះស្រាយទៅលើ ការបង្កើតសមិទ្ធផលថ្មីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលមានភាពច្នៃប្រឌិតខ្ពស់បំផុត សម្រាប់ដោះស្រាយបព្ហាជាក់ស្តែងក្នុងប្រទេស។

យោងតាមសេចក្តីជូនដំណឹងលើគេហទំព័រ Techno Innovation Challenge Cambodia បានឱ្យដឹងថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានរយៈពេល ៤ សប្តាហ៏ដែលនឹងធ្វើឡើងរៀងរាល់ចុងសប្តាហ៍។ ក្នុងការប្រកួតនេះ ក្រុមនីមួយៗត្រូវបញ្ជាក់ពីសមិទ្ធផលគំរូរបស់ពួកគេតាមរយៈការសម្ភាសន៍អតិថិជន និងការស្រាវជ្រាវអាជីវកម្មមួយចំនួន ដើម្បីប្រកួតប្រជែងជាមួយក្រុមផ្សេងទៀតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅជុំចុងក្រោយ។

បើតាមប្រភពដដែល បេក្ខជនអាចដាក់ពាក្យចូលរួមប្រកួតក្នុងកម្មវិធី Techno Innovation Challenge Cambodia 2025 ដើម្បីបញ្ចេញភាពច្នៃប្រឌិត ដោះស្រាយបញ្ហាក្នុងសង្គម និងប្រកួតប្រជែងដើម្បីមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ក្នុងការធ្វើធុរកិច្ចថ្មី តាមរយៈតំណនេះ៖ bit.ly/registrationTICC2025 ឱ្យបានមុនថ្ងៃផុតកំណត់ឈប់ទទួលពាក្យ គឺថ្ងៃទី ១៦ ឧសភា ឆ្នាំ២០២៥។ ក្នុងករណីមានចម្ងល់ សូមទាក់ទងទៅកាន់ Telegram៖ ០11 740 773/086 643 253។

គួរបញ្ជាក់ថា កម្មវិធីនេះត្រូវបានគាំទ្រដោយក្រសួងអប់រំយុវជននិងកីឡានិងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ សហការៀបចំដោយ សហគ្រិនខ្មែរ Khmer Enterprise ឧបត្ថម្ភថវិកាដោយ ក្រុមហ៊ុន Smart Axiata, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, មូលនិធិ ស.អ CBRD Fund និង ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា FTB៕