
ភ្នំពេញ៖ និស្សិតកម្ពុជាចំនួន២០រូប កំពុងចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាតាមរយៈកម្មវិធិ YSEALI នៅអាម៉េរិក រយៈពេល៥សប្តាហ៍ទៅតាមមូលបទដែលបានជ្រើសរើស រួមមាន ការចូលរួមរបស់ពលរដ្ឋក្នុងសង្គម នវានុវត្តន៍ និងសហគ្រិនភាព ធនធានធម្មជាតិ សង្គមនិងអភិបាលកិច្ច។
យោងតាមស្ថានទូតអាម៉េរិក បានឱ្យដឹងថានិស្សិតកម្ពុជាចំនួន ២០រូប បានទៅដល់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនសម្រាប់កម្មវិធីអាហារូបករណ៍ YSEALI Academic Fellowship រដូវផ្ការីកឆ្នាំ ២០២៥។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៥សប្តាហ៍។
បើតាមប្រភពដដែលនេះ សិស្សទាំង២០រូប នឹងចាប់ផ្តើមដំណើរដ៏អស្ចារ្យក្នុងការសិក្សាអំពីការចូលរួមរបស់ពលរដ្ឋក្នុងសង្គម នវានុវត្តន៍ និងសហគ្រិនភាព ធនធានធម្មជាតិ សង្គមនិងអភិបាលកិច្ច នៅក្នុងសាកលវិទ្យាល័យ និងស្ថាប័នដែលខាងអ្នករៀបចំកម្មវិធីបានរៀបចំជូន។

គួរបញ្ជាក់ថា កម្មវិធី YSEALI Academic Fellowship ជាកម្មវិធីផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សដែលមានអាយុចន្លោះ ១៨ ទៅ ២៥ ឆ្នាំ ដែលមានការប្តេជ្ញាចិត្តក្នុងការអនុវត្តជំនាញភាពជាអ្នកដឹកនាំ និងការបណ្តុះបណ្តាល ដែលទទួលបានពីកម្មវិធី ដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ ប្រទេស ឬតំបន់អាស៊ីអាគ្នេយ៍៕