
មានក្រុមអ្នកទេសចរប្រមាណ ២៦នាក់បានស្លាប់បាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយបានកើតឡើងនៅក្នុងតំបន់វាលស្មៅខៀសស្រងាត់ កាស្មៀរ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយរបស់ឥណ្ឌា។ ក្នុងការបាញ់ប្រហារយ៉ាងកំរោលនោះមានអ្នកទេសចរ ២៦ នាក់បានស្លាប់ និងជាង ៣០ នាក់ផ្សេងទៀតបានរងរបួស និងត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យដើម្បីសង្រ្គោះ។

យោងតាមអាជ្ញាធរឥណ្ឌាខ្មាន់កាំភ្លើងមានគ្នាប្រមាណពី ៤ ទៅ ៦ នាក់បានចេញពីព្រៃក្បែរនោះដោយស្លៀកពាក់ឯកសណ្ឋានយោធា។ មុនពេលបាញ់ប្រហារក្រុមទាហានក្លែងក្លាយទាំងនោះបានសួរឈ្មោះក្រុមជនរងគ្រោះនិងបើកការបាញ់ប្រហារសំដៅទៅលើបុរស ដោយមិនសំដៅជនរងគ្រោះជាស្រ្តីឡើយ។ សាក្សីបានឲ្យដឹងទៀតថា ជនដៃដល់បានជ្រើសរើសអ្នកមិនមែនជាមូស្លីម ដោយសុំឱ្យជនរងគ្រោះសូត្រគម្ពីរកាល់ម៉ា អ្នកដែលបរាជ័យត្រូវបានបាញ់សម្លាប់ចោល។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានថ្កោលទោសការវាយប្រហារនេះ និងបានផ្អាកដំណើរទស្សនកិច្ចរបស់លោកទៅកាន់អារ៉ាប៊ីសាអូឌីត និងបានប្តេជ្ញាថានឹងនាំជនល្មើសមកកាត់ទោស។ លោកបានបញ្ជាឲ្យកងកម្លាំងពិសេសរាប់រយនាក់បើកប្រតិបត្តិការស្វែងរក ដោយឃាត់ខ្លួនជនសង្ស័យបានជាង ១០០នាក់ដើម្បីសាកសួរចម្លើយ។
.jpg?1745400293)
គួរបញ្ជាក់ថាការវាយប្រហារនេះចាប់ផ្ទុះឡើងដោយសារតែតំបន់កាស្មៀរគឺជាតំបន់ដែលសម្បូរទៅដោយពលរដ្ឋអ្នកកាន់សាសនាមូស្លឹមរស់នៅហើយរវាងឥណ្ឌា និងប៉ាគីស្ថានបានពុះហែកតំបន់ កាស្មៀរ ចែកគ្នាក្រោយពីបានទទួលឯករាជ្យពីអង់គ្លេសវិញក្រោយចប់សង្រ្គាមលោកលើកទី២៕