
ភ្នំពេញ៖ មូលនិធិអាស៊ី ជ្រើសរើសបេក្ខជនចំនួនបីរូបមកពីអាស៊ី និងប៉ាស៊ីហ្វិក មានអាយុច្រើនបំផុត ៤០ឆ្នាំ ដើម្បីចូលរួមកម្មវីធីនៅអាម៉េរិក នៅថ្ងៃទី ១៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ 2025។ តាមរយៈកម្មវិធីនេះ បេក្ខជនអាចរៀនសូត្រតាមរយៈការទស្សនកិច្ច និងការផ្លាស់ប្តូរបទពិសោធន៍ចែករំលែកចំណេះដឹងទៅវិញទៅមកនៅពាក់ព័ន្ធនឹងការកសាងសន្តិភាពសកល។
យោងតាមគេហទំព័រនៃ មូលនិធិអាស៊ី បានឱ្យដឹងថា កម្មវិធីនេះនឹងផ្តល់ឱកាសដល់សមាជិកទាំងបីអាចកសាងបណ្តាញជាមួយអ្នកចូលរួមផ្សេងទៀត និងសហគមន៍ដែលកសាងសន្តិភាពសកល ដើម្បីគាំទ្រ និងលើកកំពស់ការងារ និងការអភិវឌ្ឍន៍វិជ្ជាជីវៈរបស់ពួកគេ។ តាមរយៈកម្មវិធីនេះ បេក្ខជនអាចរៀនសូត្រតាមរយៈការទស្សនកិច្ច និងការផ្លាស់ប្តូរបទពិសោធន៍ចែករំលែកចំណេះដឹងទៅវិញទៅមកនៅ តំបន់ San Francisco Bay ទីក្រុងញូវយ៉ក និងវ៉ាស៊ីនតោន។ លើសពីនេះ សមាជិកនឹងចូលរួមក្នុងសិក្ខាសាលាបន្ថែមតាមអនឡាញជាមួយនឹងកម្មវិធីរបស់ The Asia Foundation ដែលនឹងលើកឡើងសន្តិភាព និងស្ថិរភាព និងភាពជាអ្នកដឹកនាំ។
បើតាមគេហទំព័រនេះ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា អាយុច្រើនបំផុត 40 ឆ្នាំ ឬក្មេងជាងនេះក្នុងឆ្នាំកម្មវិធី (កើតក្រោយថ្ងៃទី 13 ខែតុលា ឆ្នាំ 1985) មានសញ្ជាតិខ្មែរ ដោយសារកម្មវិធីនេះជ្រើសរើសបេក្ខជនដែលត្រូវតែជាពលរដ្ឋនៃប្រទេស ឬតំបន់មួយចំនួនដូចជា អាហ្វហ្គានីស្ថាន បង់ក្លាដែស ប៊ូតាន កម្ពុជា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា នេប៉ាល់ កោះប៉ាស៊ីហ្វិក ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី ស្រីលង្កា ថៃ ទីម័រខាងកើត វៀតណាមជាដើម។

បេក្ខជន ត្រូវមានចំណង់ចំណូលចិត្តក្នុងការរួមចំណែកដល់ការកសាងសន្តិភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈការស្រាវជ្រាវ ឬការអនុវត្ត ថែមទាំងស្ទាត់ជំនាញក្នុងការសរសេរ និងនិយាយភាសាអង់គ្លេស និងមានបំណងចង់បង្កើតបណ្តាញដែលមានជំនាញវិជ្ជាជីវៈដោយសហការជាមួយអ្នកដទៃក្នុងវិស័យនេះ។ ក្រៅពីចំណុចខាងលើ បេក្ខជនត្រូវបង្ហាញពីសមត្ថភាពដឹកនាំ និងបទពិសោធន៍យ៉ាងតិចបីឆ្នាំ ហើយត្រូវតែអាចប្តេជ្ញាចិត្តក្នុងកម្មវិធីថ្ងៃទី 13-24 ខែតុលា ឆ្នាំ 2025។
គួរបញ្ជាក់ថា កម្មវិធីតនឹងបើកដាក់ពាក្យរហូតដល់ថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2025។ ដាក់ពាក្យតាមរយៈតំណភ្ជាប់ https://webportalapp.com/sp/login/wpf2025_apply៕