កើតក្នុងឆ្នាំ១៩៨៦ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ គឺជាកូនស្រីពៅ ក្នុងចំណោមកូន ៣នាក់របស់លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃ។ លោកស្រីគឺជាអ្នកនយោបាយ និងជាពាណិជ្ជករថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ចាប់តាំងពីថ្ងៃទី១៦ ខែសីហា ឆ្នាំ ២០២៤។ លោកស្រីគឺជាស្ត្រីទីពីរដែលបានកាន់តំណែងនេះ បន្ទាប់ពីម្តាយមីងរបស់លោកស្រី គឺលោកស្រី Yingluck Shinawatra។
លោកស្រី ផែថងថាន បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យជូឡាឡុងកន របស់ថៃ ផ្នែកវិទ្យាសាស្ត្រនយោបាយ ផ្តោតលើមុខជំនាញសង្គមវិទ្យា និងនរវិទ្យា នៅឆ្នាំ២០០៨។ លោកស្រី បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Surrey នៅអង់គ្លេស លើជំនាញគ្រប់គ្រងសណ្ឋាគារអន្តរជាតិ។ លោកស្រី ផែថងថាន ដែលមានឈ្មោះហៅក្រៅ Ung-Ing ត្រូវបានគេចាត់ទុកជាសហគ្រិនស្ត្រីដ៏ជោគជ័យម្នាក់។ ក្រោយបញ្ចប់ការសិក្សានៅអង់គ្លេស អ្នកស្រីបានត្រឡប់មកជួយដឹកនាំកិច្ចការរកស៊ីរបស់គ្រួសារ។
មុនប្រឡូកក្នុងនយោបាយ លោកស្រី បានបម្រើការងារឲ្យគ្រួសារក្នុងនាមជាប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុនសណ្ឋាគារ Rende Development Co.។ ក្រៅពីនេះ លោកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនធំរបស់ក្រុមហ៊ុន SC Asset Corporation Public Company Limited និងជាក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Thaicom Foundation។ លោកស្រីក៏មានភាគហ៊ុន នៅក្នុងក្រុមហ៊ុនមួយចំនួនទៀត ក្នុងនោះរួមមានសណ្ឋាគារ Rosewood Bangkok Hotel, Thames Valley Khao Yai និង The Sisters Nails ហើយគិតជាសរុបអ្នកស្រីមានភាគហ៊ុន នៅក្នុងក្រុមហ៊ុនចំនួន២១។
លោកស្រី ផែថងថាន បានប្រឡូកចូលនយោបាយជាផ្លូវការក្នុងអាយុ៣៦ឆ្នាំ និងត្រូវបានតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ សម្រាប់ការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣ ហើយ បានក្លាយជា មេដឹកនាំគណបក្សមួយនេះកាលពីខែតុលា ឆ្នាំ២០២៣។ ក្រោយមកទៀត នៅខែសីហា ឆ្នាំ២០២៤ លោកស្រីត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រថៃ។
លោកស្រី ផែថងថាន បានរៀបការជាមួយលោក Pidok Sooksawas ជាពីឡុតបើកយន្ដហោះអាកាសចរណ៍ ស៊ីវិល និងមានកូន២នាក់ដោយកូនស្រីមាន ឈ្មោះ Thitara Suksawat និងកូនប្រុសម្នាក់ឈ្មោះ Phrutthasin Suksawat។
នៅក្នុងខែធ្នូ ឆ្នាំ២០២៤ លោកស្រី ផែថងថាន បានប្រកាសទ្រព្យសម្បត្តិជាង ៤០០លានដុល្លារ ក្នុងនោះរួមទាំងកាបូបជាង ២០០ ដែលមានតម្លៃជាង ២លានដុល្លារ និងនាឡិកាប្រណីតយ៉ាងតិច ៧៥គ្រឿង ដែលមានតម្លៃជិត ៥លានដុល្លារ៕