
ហុងកុង ៖ រដ្ឋបាលពិសេសហុងកុងរបស់ចិនបានចេញផ្សាយនៅថ្ងៃទី២៨នេះបានអោយដឹងថា សត្វឆ្កែចិញ្ចឹមមួយក្បាលបានធ្វើរោគវិនិច្ឆ័យ មានភាពវិជ្ជមានវីរុសកូរ៉ូណា។ក្នុងសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា នាយកដ្ឋានអភិរក្សកសិកម្ម នេសាទនិងធម្មជាតិ(AFCD) នៅថ្ងៃទី ២៨ ខែកុម្ភៈនេះ បានបញ្ជាក់ថា សត្វឆ្កែមួយក្បាលនេះរស់នៅក្នុងផ្ទះរបស់មនុស្សដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគកូរ៉ូណា(Covid-19) ។
នាយកដ្ឋាន AFCD បានទទួលយកឆ្កែនោះពីគេហដ្ឋានមួយក្នុងតំបន់តា ហាង នៅថ្ងៃទី២៦ ។ពួកគេបានយកសំណាក់ពីក្នុងមាត់និងច្រមុះរបស់ឆ្កែនោះទៅធ្វើតេស្តរកវីរូសកូរ៉ូណា ហើយជាលទ្ធផលបង្ហាញពីប្រតិកម្មវិជ្ជមានខ្សោយនៅក្នុងការធ្វើតេស្តនេះ។
តែទោះជាយ៉ាងណាក៏ដោយឆ្កែនេះមិនបានបង្ហាញរោគសញ្ញាអ្វីទេ។ពេលបច្ចុប្បន្ននេះមានតែសត្វឆ្កែខាងលើប៉ុណ្ណោះដែលត្រូវបានរកឃើញមានផ្ទុកវីរូសកូរ៉ូណា។
ទោះបីជាយ៉ាងណាក៏ដោយ នាយកដ្ឋាន AFCD មិនមានទិន្នន័យណាមួយដើម្បីបញ្ជាក់ថាសត្វចិញ្ចឹមអាចនឹងឆ្លង វីរូសកូរ៉ូណាឡើយ តែនឹង ត្រួតពិនិត្យយ៉ាងដិតដល់បន្ថែមទៀតក្នុងការយកសំណាកពីសត្វឆ្កែខាងលើធ្វើតេស្តជាបន្តទៀត ដើម្បីកំណត់ថាតើសត្វឆ្កែចិញ្ចឹមទាំងនោះអាចឆ្លងវីរូសនេះដែរឬទេ៕