
ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១៥ (ដប់ប្រាំ) រូប ឱ្យមកបម្រើការងារពេញម៉ោងនៅអគ្គលេខាធិការដ្ឋាននៃ អ.ជ.ក.។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យឱ្យបានត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។
យោងតាមសេចក្តីជូនដំណឹងនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក.) បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្ររងឡើង លើជំនាញនីតិសាស្ត្រ មានអាយុមិនលើសពី ៣៥ ឆ្នាំ (គិតត្រឹមថ្ងៃដាក់ពាក្យសុំ) មានភាពស្មោះត្រង់ សីលធម៌ល្អ និងឆន្ទៈខ្ពស់ក្នុងការបំពេញការងារ។
បើតាមប្រភពដដែល ដើម្បីដាក់ពាក្យ បេក្ខជនអាចទាញយកពាក្យសុំចូលបម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៃ អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. តាមរយៈ QR CODE ខាងក្រោម ហើយត្រូវយកមកដាក់ដោយផ្ទាល់នៅ អគ្គលេខាធិការដ្ឋាននៃ អ.ជ.ក. មានទីតាំងស្ថិតនៅអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ក្នុងបរិវេណ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែក តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី។ ក្នុងករណីមានចម្ងល់សូមទាក់ទង តាមទូរសព្ទលេខ ០៩៩ ៩៨៣ ៣៥៨ ឬ ០៩៣ ៩៨៣ ៣៥៨។

គួរបញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៣ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀកនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ៕