
ភ្នំពេញ៖ ថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន - ANTជំនាន់ទី ២ ផ្តល់អាហារូបករណ៍សិក្សា១០០% ចំនួន ៨០ កន្លែង លើជំនាញបច្ចេកវិទ្យា Mobile App (Flutter) , Laravel Web Development, និង Node JS Web Development។ អាហារូបករណ៍នេះ ផ្តល់ជូនសិស្សដែលជានិស្សិតដែលកំពុងសិក្សាលើជំនាញទាក់ទងនឹង បច្ចេកវិទ្យាចាប់ពីឆ្នាំទី២ ឆមាសទី២ឡើងទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ សហគមន៍ឌីជីថលកម្ពុជា ស្តីពីថ្នាក់បណ្តុះបណ្តាលបច្ចេកវិទ្យាអាន - ANT បានឱ្យដឹងថា ANT ផ្តល់អាហារូបករណ៍សរុបចំនួន ៨០ កន្លែងសម្រាប់និស្សិតដែលសិក្សាជំនាញទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីបណ្តុះជំនាញរបស់ខ្លួនក្នុងផ្នែកណាមួយនៃផ្នែកទាំង៣ដែលសាលាបានផ្តល់ជូនសិក្សាដោយឥតគិតថ្លៃ។ អាហារូបករណ៍នេះមានផ្តល់ជូន ៨០កន្លែង រួមមានសម្រាប់ Mobile App (Flutter) ២០កន្លែង Laravel Web Development ៣០កន្លែង Node JS Web Development ៣០កន្លែង។
បើតាមប្រភពដដែលនេះ ដើម្បីអាចដាក់ពាក្យបាន និស្សិតត្រូវតែជានិស្សិតដែលកំពុងសិក្សាលើជំនាញទាក់ទងនឹង បច្ចេកវិទ្យាចាប់ពីឆ្នាំទី២ ឆមាសទី២ឡើងទៅ។ និស្សិតត្រូវបំពេញពាក្យឱ្យបានមុនថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។

ANT បានគូសបញ្ជាក់ថា និស្សិតដែលបានអាហារូបករណ៍នេះ នឹងមានឱកាសសិក្សារយៈពេល១២ខែ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។ សិស្សអាចជ្រើសរើសវេនណាមួយក្នុងចំណោមវេន២គឺ វេនព្រឹក (ម៉ោង ០៧ៈ៥០នាទី ដល់ ១០ៈ៥០នាទី ) ឬ វេនរសៀល (ម៉ោង ០២:០០នាទី ដល់ ០៥:០០នាទី) ៕


