Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋាភិបាលជប៉ុនបើកទទួលពាក្យ«អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា»រហូតដល់ថ្ងៃ២៣ ឧសភា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
ប្រភពរូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ នៃប្រទេសជប៉ុនផ្តល់អាហារូបករណ៍ ៤ ប្រភេទក្នុងកម្រិតនិស្សិតថ្នាក់ក្រោយឧត្តមសិក្សា និស្សិតថ្នាក់ឧត្តមសិក្សា និស្សិតថ្នាក់មធ្យមសិក្សាបច្ចេកទេស និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ។ អាហារូបករណ៍នេះនឹងបន្តបើកទទួលពាក្យដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។

យោងតាមការផ្សព្វផ្សាយតាមបណ្តាញសង្គមនៃ ស្ថានទូតជប៉ុននៅកម្ពុជា បានឱ្យដឹងថា អាហារូបករណ៍សិក្សានៅប្រទេសជប៉ុននេះ ផ្តល់ជូនសម្រាប់សិស្សក្នុងកម្រិត៤ផ្សេងៗគ្នា រួមមាន ថ្នាក់ក្រោយឧត្តមសិក្សា ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ។ ដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវដាក់ពាក្យតាមអនឡាញ និងមានភ្ជាប់ជាមួយឯកសារដែលតម្រូវតាមកម្រិតដែលខ្លួនជ្រើសរើស ។ ក្រោយដាក់ពាក្យអនឡាញ បេក្ខជននឹងទទួលបានលទ្ធផលវគ្គជម្រុះទៅកាន់វគ្គបន្តក្នុងការប្រលងនៅថ្ងៃទី ១៥ មិថុនា ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្នុងករណី បេក្ខជនជាប់វគ្គប្រលង នឹងបានដឹងលទ្ធផលចូលទៅកាន់វគ្គសម្ភាស អំឡុងខែ មិថុនា រឺ កក្កដា។

ប្រភពរូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

បើតាមគេហទំព័រនៃ ស្ថានទូតជប៉ុននៅកម្ពុជា កម្រិតនីមួយៗមានលក្ខខណ្ឌខុសៗគ្នាក្នុងការជ្រើសរើសបេក្ខជន។ សម្រាប់លក្ខខណ្ឌ សិស្សដែលមានបំណងដាក់ពាក្យរៀនថ្នាក់ ថ្នាក់ក្រោយឧត្តមសិក្សា ត្រូវមានថ្ងៃខែឆ្នាំកំណើតក្រោយថ្ងៃទី ២ មេសា ១៩៩១។ ប្រសិនបើដាក់រៀនថ្នាក់អនុបណ្ឌិត បេក្ខជនត្រូវមានបរិញ្ញាបត្រជំនាញណាមួយ ចំណែកឯសិស្សដែលចង់រៀនថ្នាក់បណ្ឌិតនៅជប៉ុន ត្រូវបញ្ចប់ថ្នាក់អនុបណ្ឌិត។ ចំណែកឯ សិស្សដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតថ្នាក់មធ្យមសិក្សាបច្ចេកទេស និងនិស្សិតថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវមានថ្ងៃខែឆ្នាំកំណើតក្រោយថ្ងៃទី ២ មេសា ២០០១។

ប្រភពរូបភាព៖ ស្ថានទូតជប៉ុននៅកម្ពុជា

បើតាមប្រភពដដែល បានគូសបញ្ជាក់ថា អាហារូបករណ៍នេះ នឹងផ្តល់ជូនអត្ថប្រយោជន៍មួយចំនួនសម្រាប់សិស្ស រួមមានប្រាក់ប្រចាំខែ ១១៧ ០០០Yen សម្រាប់សិស្សរៀនកម្រិត ថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ រីឯសម្រាប់សិស្សរៀនថ្នាក់ក្រោយឧត្តមសិក្សា នឹងទទួលបាន១ខែចំនួន ១៤៣០០០Yen ។ បន្ថែមពីនេះ សិស្សដែលជាប់អាហារូបករណ៍នេះនឹងទទួលបានការសិក្សាដោយឥតគិតថ្លៃ ការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងការត្រលប់មកវិញ ព្រមទាំងមានឱកាសក្នុងការបន្តការសិក្សានៅប្រទេសជប៉ុនបន្តទៀតផង។

គួរបញ្ជាក់ថា បេក្ខជនអាចដាក់ពាក្យតាមអនឡាញ តាមរយៈតំណភ្ជាប់ https://www.kh.emb-japan.go.jp/itpr_en/11_000001_01278.html ឱ្យបានមុនថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ក្នុងករណី មានចម្ងល់បន្ថែ​ម សូមទាក់ទងទៅកាន់ 023-217-161៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង