Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងប្រៃសនីយ៍ បើកទទួលពាក្យជ្រើសរើសយុវជនចូលរួមកម្មវិធី​ «ប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ ជ្រើសរើសបេក្ខជនដាក់ពាក្យចូលរួម «កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥» នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជាចូលរួមក្នុងការប្រកួតថ្នាក់តំបន់ នៅប្រទេសថៃ។

យោងតាមសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសបេក្ខជនចូលរួម «កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥» បានឱ្យដឹងថា ចំពោះនីតិវិធីនៃការជ្រើសរើស គឺតម្រូវឱ្យបេក្ខជន បេក្ខនារីទាំងអស់មានអាយុក្រោម ២៥ ឆ្នាំ ហើយត្រូវដាក់ពាក្យចូលរួមការប្រកួតប្រជែងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/cncc2025 ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ២៣:៥៩ នាទី។ ក្នុងករណី មានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់លេខ 015 520 707/ 099 496 767។

ក្រោយដាក់ពាក្យអនឡាញ បេក្ខជន បេក្ខនារីទាំងអស់នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ក្រោយជាប់ដំណាក់កាលជម្រុះ បេក្ខជន បេក្ខនារីចំនួន ១០០រូប នឹងត្រូវបានទាក់ទងដើម្បីចូលរួម កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥។ កម្មវិធីប្រកួតថ្នាក់ជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

បើតាមក្រសួងប្រៃសនីយ៍ អត្ថប្រយោជន៍នៃការប្រកួតប្រជែងរួមមាន ជ័យលាភីលេខ ១ នឹងទទួលបានថវិកាចំនួន ២,០០០,០០០ រៀល, ជ័យលាភីលេខ ២ នឹងទទួលបានថវិកាចំនួន ១,៥០០,០០០ រៀល, ជ័យលាភីលេខ ៣ នឹងទទួលបានថវិកាចំនួន ១,០០,០០០ រៀល, រីឯជ័យលាភីលេខ ៤ និងលេខ ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥០០,០០០ រៀល។

ក្រោយការចេញលទ្ធផល ក្រសួងប្រៃសនីយ៍នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ។ បេក្ខជន បេក្ខនារីទាំង ២០ រូប នេះ នឹងទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។ ក្រោយការបណ្តុះបណ្តាលរយៈពេល ៤​ ខែ បេក្ខជនទាំង២០រូបនឹងត្រូវប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។ ក្នុងចំណោមបេក្ខភាពទាំង ២០រូបខាងលើ មានតែ ៤រូប ប៉ុណ្ណោះ ដែលនឹងមានឱកាសតំណាងកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយបរ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយបរិប្រចាំឆ្នាំ២០២៥ ជាកម្មវិធីប្រកួតប្រជែងលក្ខណៈបុគ្គលដោយ តម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រ (Cybersecurity Challenges) ទៅលើដែនដូចជាវិស្វកម្មបញ្ច្រាស (Reverse Engineering) គ្រីបតូក្រាហ្វី (Cryptography) សន្តិសុខគេហទំព័រ (Web Security) កោសល្យវិច្ច័យ (Forensics) ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ Binary (Binary Exploitation) ជាដើម ដោយស្វែងរកបំណែក នៃព័ត៌មានហៅថា “Flag” ដែលលាក់នៅក្នុងលំហាត់នីមួយៗ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង