ភ្នំពេញ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងចាត់ទុក សម្តេចម៉ែបានធ្វើជាសាក្សី និង បានគាំទ្រដល់មិត្តភាពចិន-កម្ពុជា ហើយសម្តេចម៉ែមានកន្លែងពិសេសមួយនៅក្នុងបេះដូងរបស់ទ្រង់សម្រាប់ប្រជាជនចិន ហើយសក្តិសមនឹងទទួលបានមេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិនយ៉ាងពេញលេញ។ ការថ្លែងនេះធ្វើឡើងក្នុងជំនួបរវាងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងសម្តេចព្រះមហាក្សត្រី នរោត្តមមុនិនាថ សីហនុ នាថ្ងៃទី១៧ ខែមេសា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ។
ក្នុងជំនួបជាមួយ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់ថា សម្តេចម៉ែមានមនោសញ្ចេតនា មិត្តភាពពិសេស ចំពោះប្រជាជនចិន ហើយទ្រង់ពិតជាសក្តិសមនឹងទទួលបានមេដាយមិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន។ លោក ស៊ី ថា ប្រទេសចិន គឺជាផ្ទះទីពីររបស់សម្តេចម៉ែ ហើយចិនស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ទ្រង់មកកាន់ប្រទេសចិនគ្រប់ពេលវេលា។
ជាមួយគ្នានោះ លោក បានរម្លឹកពី សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺជាបដារនៃចំណងមិត្តភាពចិន-កម្ពុជា បានរួមគ្នាជាមួយមេដឹកនាំចិនជំនាន់ចាស់ ព្រះអង្គផ្ទាល់បានបង្កើតនូវមិត្តភាពដែលមិនអាចបំបែកបានរវាងចិន និងកម្ពុជា។ លោក ស៊ី ថា «យើងនឹងចងចាំជានិច្ចនូវការរួមចំណែកជាប្រវត្តិសាស្ត្រដែលសម្តេច នរោត្តម សីហនុ បានធ្វើ»។
សម្តេចម៉ែ បានមានព្រះបន្ទូលថា លោក ស៊ី ជីនពីង គឺជាមិត្តដ៏អស្ចារ្យបំផុតរបស់កម្ពុជា ហើយពិតជាមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ដែលត្រូវបានបង្កើតដោយអ្នកដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ត្រូវបានបង្រួបបង្រួម និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ សម្តេចម៉ែជឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនកាន់តែស៊ីជម្រៅ និងមិនអាចបំបែកបាន៕