
ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មកកម្ពុជា មេដឹកនាំកម្ពុជា និង ចិន បានសម្រេចចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ ក្នុងការអភិវឌ្ឍវិស័យជាច្រើន ជាពិសេសការគាំទ្រគម្រោងវិនិយោគនានានៅកម្ពុជា និង ការអភិវឌ្ឃធនធានមនុស្ស ការអប់រំជាដើម។
យោងក្រសួងការបរទេសកម្ពុជា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង មានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន ៣៧ គ្របដណ្តប់លើវិស័យជាច្រើនរួមមាន៖ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខសកល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស កសិកម្ម ឧស្សាហកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ ជំនួយអភិវឌ្ឍន៍ ពន្ធគយ ចត្តាឡីស័ក សុខាភិបាល ទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ។

ការផ្លាស់ប្តូរឯកសារនេះ មិនរាប់បញ្ជូលឯកសាររវាងរដ្ឋ និងឯកជន ព្រមទាំងរវាងធុរកិច្ច និង ធុរកិច្ចមួយចំនួន ដែលបានចុះហត្ថលេខា លើតម្រោងធំៗ រួមមានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ការសាងសង់រោងចក្រ ថាមពល LPG 900-MW ក្នុងខេត្តកោះកុង និង គម្រោងភាពជាដៃគូយុទ្ធសាស្ត្រផ្លូវដែកឡើយ។

បើតាមក្រសួងការបរទេសកម្ពុជា ភាគីទាំងពីរបានឯកភាពធ្វើការរួមគ្នា ដើម្បីកសាងច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មប្រកប ដោយសុវត្ថិភាព និងស្ថិរភាព។ ភាគីទាំងពីរក៏បានប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មស្តង់ដាខ្ពស់ ក៏ដូចជាការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ រួមមានប្រព័ន្ធដឹកជញ្ជូន បណ្តាញថាមពល ខ្សែកាបអុបទឹក ឃ្លាំងស្តុកទំនិញ និងភស្តុភារកម្ម។

ភាគីចិនបានបញ្ជាក់ជាថ្មី នូវការគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងបានសន្យាលើកទឹកចិត្តសហគ្រាសចិនដែលមានសមត្ថភាព កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។ លើសពីនេះ ភាគីចិនក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ៕








