
ភ្នំពេញ៖ ស្ថានទូតអាម៉េរិកកំពុងស្វែងរកបេក្ខជនកម្ពុជាសម្រាប់កម្មវិធី Online Professional English Network (OPEN) Program Summer Term ដែលចាប់ផ្តើមពីថ្ងៃទី ២ ខែកក្កដា ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥អាហារូបករណ៍នេះ ផ្តល់ជូនសម្រាប់គ្រូបង្រៀន ឬ អ្នកអប់រំផ្នែកភាសាអង់គ្លេស សម្រាប់ការអភិវឌ្ឍជំនាញតាមប្រព័ន្ធអនឡាញ ជាមួយនឹងសាស្ត្រាចារ្យល្បីៗនៅក្នុងស្ថាប័នអប់រំរបស់អាម៉េរិក។
យោងតាមគេហទំព័រស្ថានទូតអាម៉េរិក បានឱ្យដឹងថា កម្មវិធី Online Professional English Network (OPEN) ជាកម្មវិធីសិក្សាមួយដែលផ្តល់ជូនវគ្គសិក្សាកម្រិតសាកលវិទ្យាល័យអនឡាញរយៈពេល ៨ សប្តាហ៍សម្រាប់អ្នកជំនាញការបង្រៀនភាសាអង់គ្លេសនៅកម្ពុជា ។ កម្មវិធីសិក្សាបជ ត្រូវបានបង្កើតឡើងដោយស្ថាប័នអប់រំរបស់សហរដ្ឋអាមេរិក ដែលពោរពេញទៅដោយសាស្រ្តាចារ្យល្បីៗ។
បើតាមគេហទំព័រនៃស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ដើម្បីអាចដាក់ពាក្យចូលរួមកម្មវិធីពង្រឹងសមត្ថភាពនេះបាន អ្នកជំនាញបង្រៀនភាសាអង់គ្លេសកម្ពុជា ត្រូវមានលក្ខខណ្ឌដូចជា ជាអ្នកអប់រំផ្នែកភាសាអង់គ្លេស; និងមិនបានចូលរួមក្នុងវគ្គសិក្សា E-Teacher ឬ OPEN Global Online Course សម្រាប់រយៈពេលបីឆ្នាំចុងក្រោយនេះ; មានការប្តេជ្ញាចិត្ត និងសន្យាថានឹងបញ្ចប់វគ្គសិក្សាដែលផ្តល់ជូន។ ជាពិសេស បេក្ខជនត្រូវមានជំនាញអាន និងសរសេរភាសាអង់គ្លេស អាចប្រើប្រាស់កុំព្យូទ័រ ៤-៥ ដងក្នុងមួយសប្តាហ៍ ព្រមទាំងអាចចំណាយពេល ១-២ ម៉ោងតាមអ៊ីនធឺណិតក្នុងមួយថ្ងៃដើម្បីចូលរួមសម្រាប់រយៈពេលនៃវគ្គសិក្សា ៨ សប្តាហ៍ នេះ។
ក្នុងករណីមានចំណាប់អារម្មណ៍ អ្នកអប់រំ អាចដាក់ពាក្យតាមរយៈតំណភ្ជាប់ Link ឱ្យបានមុនថ្ងៃទី ២ ខែ ឧសភា ឆ្នាំ២០២៥។ ប្រសិនបើមានចម្ងល់ សូមទាក់ទងទៅកាន់ផ្នែកការទូតសាធារណៈ ស្ថានទូតសហរដ្ឋអាមេរិក ភ្នំពេញតាមរយៈអ៊ីមែល៖ [email protected] ឬ លេខទូរស័ព្ទ៖ ០២៣-៧២៨-០០០៕