
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ព្យាយាមចរចាជាមួយអាម៉េរិក ដោយនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា កិច្ចប្រជុំនេះ ជាការឆ្លើយតបទៅនឹងលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកប្រធានាធិបតី Donald J. Trump ចុះថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ដែលបានបង្ហាញសុច្ឆន្ទៈសុំបើកការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ក្នុងកិច្ចជំនួប ទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ លោកឯកអគ្គរដ្ឋទូត Jamieson Greer ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី និងបានផ្តល់សារៈសំខាន់លើឆន្ទៈក្នុងការចូលរួមកិច្ចសន្ទនាដោយបើកទូលាយ និងស្មារតីស្ថាបនា ដើម្បីបន្ត ការចរចាឆ្ពោះទៅសម្រេចឱ្យបាននូវទំនាក់ទំនងពាណិជ្ជកម្មដោយសមធម៌ និងតុល្យភាព ដោយភាគីទាំងពីរបានឯកភាព បន្តការពិភាក្សាក្នុងអំឡុងពេលឆាប់ៗខាងមុខនេះ។

គួរបញ្ជាក់ថា កាលពីថ្មីៗនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យផ្អាកការយកពន្ធថ្មីដែលចូលជាធរមាននៅទូទាំងប្រទេសនានាដោយបញ្ចុះនៅសល់ ១០% និងទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មី រយៈពេល៩០ថ្ងៃស្វែងរកការចចារជាមួយអាម៉េរិក។ កម្ពុជា បានស្វះស្វែងរកកិច្ចពិភាក្សា និងការចរចា ជាមួយអាម៉េរិកជាបន្តបន្ទាប់ ដែលបានបង្ហាញសុច្ឆន្ទៈក្នុងការសុំចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក៕
