
ភ្នំពេញ៖ ចិនផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ឆ្នាំ២០២៥ សម្រាប់មន្រ្តីរាជការកម្ពុជា ដែលកំពុងបម្រើការងារតាមក្រសួងស្ថាប័ននានា។ កម្មវិធីអាហារូបករណ៍នេះ ផ្តល់ជូន ការរ៉ាប់រងថ្លៃសិក្សាកន្លែងស្នាក់នៅ ការធ្វើដំណើរ កម្ពុជា-សាធារណរដ្ឋប្រជាមានិតចិន និងអត្ថប្រយោជន៍ផ្សេងៗ។

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ នាថ្ងៃទី១១ មេសា ២០២៥ បានឱ្យដឹងថា អាហារូបករណ៍ MOFCOM ផ្តល់ជូនសម្រាប់ មន្រ្តីរាជការកម្ពុជា សិក្សានៅប្រទេសចិន។ អាហារូបករណ៍បន្តបើកទទួលពាក្យដល់ថ្ងៃទី ១៦ ខែ ឧសភា ២០២៥ វេលាម៉ោង ៤រសៀល។ ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍ជាច្រើនកន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សិក្សារយៈពេល ១-២ឆ្នាំ និងថ្នាក់បណ្ឌិត សិក្សារយៈពេល ៣ឆ្នាំ ដល់មន្ត្រីរាជការកម្ពុជា ដែលកំពុងបម្រើការងារតាមក្រសួងស្ថាប័ននានា រួមទាំងបុគ្គលិកអប់រំផងដែរ ដើម្បីទៅបន្តការសិក្សានៅតាម គ្រឹះស្ថានសិក្សាក្នុងប្រទេសចិន។

បើតាមក្រសួងអប់រំ បានគូសបញ្ជាក់ថា បុគ្គលិកអប់រំ ដែលមានបំណងចូលរួមក្នុងកម្មវិធីអាហារូបករណ៍ខាងលើ សូមបំពេញពាក្យសុំអនឡាញ តាមរយៈគេហទំព័រ https://www.china-aibo.cn/en/info/1005/1497.htm ។ បន្ទាប់ពីបំពេញពាក្យសុំតាមអនឡាញរួចហើយ សូមបោះពុម្ព(Print)ពាក្យសុំនោះ ដោយភ្ជាប់ឯកសារ ពាក់ព័ន្ធផ្សេងៗ រួចបញ្ជូនមកការិយាល័យកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃក្រសួងអប់រំ ដែលមានអាសយដ្ឋានអគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានមុន ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទី ដើម្បីក្រសួងរៀបចំបញ្ជីឈ្មោះ និងបញ្ជូនឯកសារទៅ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ចាត់ចែងបន្ត។
ក្នុងករណីមានចម្ងល់ពីព័ត៌មានបន្ថែមផ្សេងទៀត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១២ ៨២៥ ៧៨១ និងលេខ ០៩៥ ៦២៤ ៨៩៥ រៀងរាល់ម៉ោងធ្វើការ៕
