
ប្រភព៖ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ សហការគ្នារៀបចំកម្មវិធីសិក្ខាសាលា សិក្ខាសាលា «តស់! ចាប់យកឌីជីថល!» នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២៥ នៅ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សិក្ខាសាលានេះ នឹងបង្កើនសមត្ថភាពអក្ខរកម្មឌីជីថលដល់សហគ្រាសគ្រប់កម្រិត ដែលសហគ្រាសអាចចូលរួមដោយឥតគិតថ្លៃ។
យោងតាមការផ្សព្វផ្សាយនៅលើគេហទំព័រ កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស បានឱ្យដឹងថា សិក្ខាសាលា «តស់! ចាប់យកឌីជីថល!» ត្រូវបានរៀបចំឡើងដើម្បីជួយបង្កើនសមត្ថភាពអក្ខរកម្មឌីជីថលដល់សហគ្រាសគ្រប់កម្រិតឱ្យកាន់តែប្រសើរ តាមរយៈការស្វែងយល់អំពី ការវាស់ស្ទង់កម្រិតត្រៀមខ្លួនក្នុងការចាប់យកឌីជីថល ការយល់ដឹងបន្ថែមលើដំណោះស្រាយឌីជីថល និង ឱកាសដើម្បីផ្សាភ្ជាប់ទំនាក់ទំនង តាមរយៈការផ្គូរផ្គងសហគ្រាសជាមួយនឹងអ្នកផ្តល់ដំណោះស្រាយឌីជីថល។

បើតាមគេហទំព័រនេះ អ្នកដែលអាចចូលរួមសិក្ខាសាលានេះមានដូចជា ត្រូវជាម្ចាស់សហគ្រាស ឬ អ្នកគ្រប់គ្រងអាជីវកម្ម ឬ និយោជិត និង បុគ្គលស្វ័យនិយោជន៍ ដែលកំពុងមានប្រតិបត្តិការអាជីវកម្មក្នុងវិស័យណាមួយក្នុងប្រទេសកម្ពុជា ដែលមានបំណងចង់ស្វែងយល់ និង ប្រឹក្សាកាន់តែច្បាស់អំពីដំណោះស្រាយឌីជីថលនីមួយៗទៅតាមតម្រូវការ។ ក្រោយការចូលរួម សហគ្រាសនឹងទទួលបាននូវអត្ថប្រយោជន៍មួយចំនួនដូចជា បានសិក្សាស្វែងយល់អំពីកម្មវិធី EGD បានសុីជម្រៅ និង អាចស្នើសុំប័ណ្ណជំនួយថវិកាគាំទ្រ និង ជំនួយគាំទ្រនានារបស់កម្មវិធី ។ ជាពិសេស សហគ្រាសនឹងអាចបង្កើនទំនាក់ទំនងជាមួយបណ្តាម្ចាស់សហគ្រាស, ក្រុមហ៊ុនផ្ដល់ដំណោះស្រាយឌីជីថល និង សមាគមនានានៅកម្ពុជា ព្រមទាំងទទួលបានការប្រឹក្សា និង របៀបប្រើប្រាស់ដំណោះស្រាយឌីជីថល ពីអ្នកជំនាញ និង តំណាងអ្នកផ្ដល់ដំណោះស្រាយឌីជីថល ដោយឥតគិតថ្លៃ និងទទួលបានការគាំទ្រពីដៃគូពាក់ព័ន្ធរបស់កម្មវិធី នាពេលអនាគត។
សិក្ខាសាលា “តស់! ចាប់យកឌីជីថល!” នឹងធ្វើការផ្សព្វផ្សាយ និង ការបង្កើនការយល់ដឹង លើខ្លឹមសារសំខាន់ៗរួមមាន៖ នីតិវិធីរួមក្នុងការរៀបចំវគ្គចាប់យកឌីជីថល, មុខងារចាំបាច់មួយចំនួនរបស់ថ្នាល EGD, សមិទ្ធផលនៃការរៀបចំវគ្គចាប់យកឌីជីថលកន្លងមក និង, បែបបទ និង នីតិវិធីនៃការស្នើសុំជំនួយថវិកាគាំទ្រការធ្វើបរិវត្តកម្មឌីជីថលសហគ្រាស។
សិក្ខាសាលានេះ នឹងរៀបចំឡើងរយៈពេលពេញ ១ ថ្ងៃ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ៥:១៥ នាទីរសៀល នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២៥ នៅ សណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ សាធារណជនអាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈតំណភ្ជាប់ https://shorturl.at/dZRQO ។
គួរបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ច មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ និង កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស ដែលទទួលបានថវិកាគាំទ្រពី មូលនិធិអភិវឌ្ឍន៍ជំនាញ៕