
ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៥ បានប្រគល់ពានរង្វាន់ជូនជ័យលាភីចំនួនបីរូប នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥។ កញ្ញា ស៊ុនគា នារតី ជ័យលាភីលេខ ១, កញ្ញា សុខ ស្រីលក្សី ជ័យលាភីលេខ ២ និង លោក សាយ គីមឡុង ជ័យលាភីលេខ ៣។ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ គឺជាកម្មវិធីដែលអនុញ្ញាតឱ្យយុវជនអាចធ្វើលំហាត់ការគិត និងចែករំលែកទស្សនៈលើប្រធានបទទាក់ទងនឹងនវានុវត្តន៍, ការវិវត្តនៃបច្ចេកវិទ្យា, ការរួមចំណែករបស់បច្ចេកវិទ្យានៅ ក្នុងវិស័យសេដ្ឋកិច្ច សង្គម និងការត្រៀមខ្លួនរបស់យុវជននៅក្នុងយុគសម័យឌីជីថល។

យោងតាមការប្រកាសព័ត៌មានរបស់ កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៥ បានឱ្យដឹងថា រដូវកាលនេះ កម្មវិធីប្រកួតប្រជែងផ្តោតលើប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍» ដោយតម្រូវឱ្យ បេក្ខជនធ្វើការជ្រើសរើសទីតាំងមួយក្នុងចំណោមជម្រើសពីរទីតាំងក្នុងការរៀបចំជាករណីសិក្សា រួមមាន ជម្រើសទី១. ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅក្នុងទីក្រុងសៀមរាប និងតំបន់ជុំវិញ និងជម្រើសទី២. ការ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការជំរុញវិស័យទេសចរណ៍នៅប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។

បើតាមសេចក្តីប្រកាសព័ត៌មាននេះ កម្មវិធីទទួលបានបេក្ខជន ចំនួន ១០២រូប បានដាក់ពាក្យចូលរួម តែបេក្ខជនតែ១០រូបតែប៉ុណ្ណោះដែលត្រូវបានជ្រើសរើសសម្រាំងមកដើម្បីធ្វើបទបង្ហាញជា សាធារណៈនៅវគ្គផ្តាច់ព្រ័ត្រជូនគណៈកម្មការទាំង ៤រូប។ ក្រោយពីការវាយតម្លៃដាក់ពិន្ទុនៅក្នុងវគ្គផ្តាច់ព្រ័ត្រ គណៈកម្មការបានសម្រេចផ្តល់ជ័យលាភីដល់បេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួនបីរូបដែលជាជ័យលាភី។

ជ័យលាភីបីរូបរួមមាន កញ្ញា ស៊ុនគា នារតី ជ័យលាភីលេខ ១ ទទួលបានពានរង្វាន់ មេដាយ និងទឹកប្រាក់រង្វាន់ចំនួន ១,៨លានរៀល, កញ្ញា សុខ ស្រីលក្សី ជ័យលាភីលេខ ២ ទទួលបានមេដាយ និងទឹកប្រាក់ រង្វាន់ចំនួន ១,៤លានរៀល និង លោក សាយ គីមឡុង ជ័យលាភីលេខ ៣ ទទួលបានមេដាយ និងទឹកប្រាក់រង្វាន់ ចំនួន ១លានរៀល។ ទន្ទឹមនឹងនេះ កម្មវិធីក៏មានជាការប្រគល់លិខិតសរសើរ និងរង្វាន់លើកទឹកចិត្តជូន បេក្ខជនទាំង ៧រូប ផ្សេងទៀត ដែលមិនទទួលបានជ័យលាភីផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៥ ត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង ក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក ។គណៈកម្មការដែលចូលរួមវាយតម្លៃការធ្វើបទបង្ហាញរបស់បេក្ខជន រួមមាន លោកបណ្ឌិត រស់ ប៉ារ៉ាឌី, លោក សាយ ព្រហ្មនី, កញ្ញា ថូ ម៉ូនីហ្សា និងកញ្ញា បឿន នីត៕


