Cctime 6monthsfree desktop
Cc times  web banner kh (2)

យុវតី ហេង មេត្តា ប្រឡូកក្នុងការស្រាវជ្រាវតាំងពីថ្នាក់វិទ្យាល័យ ព្រោះជឿជាក់ថា «ការស្រាវជ្រាវដើរតួនាទីសំខាន់ក្នុងការឆ្លុះបញ្ចាំងពីការអប់រំ»

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កញ្ញា ហេង មេត្តា មានចូលចិត្តការស្រាវជ្រាវតាំងពីនៅថ្នាក់វិទ្យាល័យ ហើយនឹងបន្តដំណើរក្នុងការធ្វើការងារស្រាវជ្រាវបន្តទៀត ដើម្បីចូលរួមចំណែកលើកកម្ពស់យុវជននិងការស្រាវជ្រាវ។ បទពិសោធន៍ស្រាវជ្រាវកន្លងមក បានផ្តល់ឱកាសឱ្យ មេត្តា អាចចូលរួមស្រាវជ្រាវជាមួយសិង្ហបុរី នៅវ័យ ១៩ ឆ្នាំ។ បន្ថែមពីនេះ យុវតីរូបនេះកំពុងចូលរួមកម្មវិធីជាមួយយុវជនមកពីបណ្តាប្រទេសផ្សេងទៀតដើម្បីត្រៀមលក្ខណៈសម្រាប់អាជីពការងារនាពេលអនាគត និងបង្កើតគម្រោង A+ Forum ដើម្បីអនុញ្ញាតឱ្យសិស្សវិទ្យាល័យអាចសិក្សាជាមួយគ្រូស្ម័គ្រចិត្តដែលជាអតីតសិស្សនិទ្ទេស A ដោយឥតគិតថ្លៃក្នុងការត្រៀមប្រលងបាក់ឌុប។

យុវតី ហេង មេត្តា ជាសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិពីវិទ្យាល័យព្រះស៊ីសុវត្ថិ កាលពីឆ្នាំ២០២៣ បច្ចុប្បន្នកំពុងត្រៀមលក្ខណៈក្នុងការធ្វើដំណើរទៅហាត់ការនៅអាហ្វ្រិកខាងត្បូងនារយៈពេលប្រមាណ ៤ខែ ខាងមុខ។ កាលនៅសិក្សាថ្នាក់វិទ្យាល័យ កញ្ញា ហេង មេត្តា ជាសិស្សដែលស្ង​ប់ស្ងាត់មិនសូវបានចំណាយពេលក្នុងការសិក្សានៅក្នុងថ្នាក់រៀនដូចសិស្សដទៃបានដិតដល់នោះឡើយ ដោយសារតែមេត្តាមានលក្ខណៈខុសពីសិស្សដទៃត្រង់ថា ចូលចិត្តការស្រាវជ្រាវ និងផ្លាស់ប្តូរការសិក្សាជាមួយនឹងសិស្សបរទេសតាមប្រព័ន្ធអនឡាញ តាំងពីឆ្នាំ២០២១ អំឡុងពេលដែលសិស្សភាគច្រើនត្រូវបានប្រែប្រួលពីការសិក្សាក្នុងថ្នាក់ទៅសិក្សាតាមប្រព័ន្ធអនឡាញ។ មូលហេតុដែលជំរុញឱ្យយុវតីរូបនេះមានឆន្ទៈស្រលាញ់ការស្រាវជ្រាវដំបូងឡើយ គឺចាប់ផ្តើមពីការទស្សនាវីដេអូសិស្សនៅក្រៅប្រទេសតាមរយៈ Youtube ដែលបានបង្ហាញពីសមិទ្ធផលស្រាវជ្រាវថ្វីត្បិតនៅវ័យជាសិស្សវិទ្យាល័យ ធ្វើឱ្យ មេត្តា ចាប់ផ្តើមរៀនតាមសិស្សនៅក្រៅប្រទេស​ ដោយចាប់ផ្តើមដំបូងបានដាក់ពាក្យជាមួយនឹងសិស្សានុសិស្សដែលមកពីបណ្តាពិភពលោកក្នុងការប្រកួតស្រាវជ្រាវ តែលើកទី១ មេត្តា មិនបានជ័យលាភីនោះឡើយ។

ក្តីស្រមៃជាមួយនឹងការស្រាវជ្រាវមិនបានបញ្ចប់នាពេលដែលយុវតីរូបនេះមិនបានលទ្ធផលល្អគាប់ចិត្តទេ មេត្តា បានព្យាយាមសិក្សាពីបទពិសោធន៍លើកទី១នេះ ដើម្បីប្រកួតជាលើកទី២ជាមួយសិស្សមកពីបណ្តាពិភពលោកម្តងទៀត ធ្វើឱ្យមេត្តាទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធីស្រាវជ្រាវពីវ៉ាក់សាំងផលិតដោយធម្មជាតិ រៀបចំដោយ MedStemPowered ។ សមិទ្ធផលដែលចេញពីការខិតខំប្រឹងប្រែងមិនបោះបង់នេះ ជាកាតាលីករយ៉ាងសំខាន់ធ្វើឱ្យនាងនៅតែបន្តធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងប្រធានបទដែលខ្លួនស្រលាញ់ គឺ ពាក់ព័ន្ធជាមួយនឹងវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកុំព្យូទ័រជាបន្តបន្ទាប់ជាមួយនឹងកម្មវិធីស្រាវជ្រាវអន្តរជាតិតាមប្រព័ន្ធអនឡាញ។

នាពេលដែលបានបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិ មេត្តា បានផ្ញើប្រវត្តិរូបរបស់ខ្លួនទៅស្ថាប័នស្រាវជ្រាវនៅស្រុកខ្មែរប្រមាណ ៣០ ស្ថាប័ន មានតែស្ថាប័នមួយប៉ុណ្ណោះដែលបានទទួលយក យុវតីវ័យក្មេងរូបនេះ អាចចូលហាត់ការពាក់ព័ន្ធនឹងការស្រាវជ្រាវ គឺសាកលវិទ្យាល័យពុទ្ធិសាស្រ្ត។ បទពិសោធន៍មួយនេះ បានធ្វើឱ្យយុវតីរូបនេះ មានការអាក់អន់ស្រពន់ចិត្តដែលការស្រាវជ្រាវក្នុងចំណោមសិស្សវិទ្យាល័យ មិនសូវត្រូវបានឱ្យតម្លៃ ថ្វីត្បិតនាងបានចូលរួមប្រកួតជាមួយនឹងស្ថាប័នអន្តរជាតិជាច្រើនជាមួយនឹងសិស្សនៅប្រទេសក្រៅ។

ក្រៅពីការសិក្សាស្រាវជ្រាវ យុវតីរូបនេះ បានចូលរួមការងារស្ម័គ្រចិត្តជាច្រើនក្រោយបញ្ចប់ថ្នាក់វិទ្យាល័យ រួមមាន ការចុះទៅខេត្តរតនគីរី ជួបជាមួយសិស្សថ្នាក់ទី១២ ​ពាក់ព័ន្ធនឹងការអប់រំ កាលពីខែ កក្កដា ២០២៤ ជាមួយនឹងយុវជនផ្សេងទៀតក្រោមគម្រោង Highschool Supporter ក្នុងនាមជាវាគ្មិនចែករំលែកពីអាហារូបករណ៍ និងការបន្តការសិក្សានៅសាកលវិទ្យាល័យ។ មកដល់ខែសីហា ២០២៤ យុវតី រូបនេះ បានចូលរួមជាយុវជនស្ម័គ្រចិត្តនៅកម្មវិធីជំរំ Winter Camp រៀបចំដោយអង្គការ PSE រយៈពេល១៥ថ្ងៃ តាមរយៈការបង្ហាត់បង្រៀនកុមារដែលមានពិការភាព ព្រមទាំងបង្កើតទំនាក់ទំនងជាមួយជនជាតិបរទេស និងបង្កើនសមត្ថភាពក្នុងការនិយាយនិងមើលថែកុមារដែលមានពិការភាពផ្សេងៗគ្នា។ បទពិសោធន៍ស្ម័គ្រចិត្តទាំងពីរលើកនេះ បានបង្កើតក្តីសង្ឃឹមថ្មីមួយសម្រាប់ មេត្តា ដោយបានធ្វើឱ្យកញ្ញាបានចាប់ផ្តើមមានក្តីស្រលាញ់ការស្រាវជ្រាវពាក់ព័ន្ធនឹងការអប់រំ ដើម្បីធ្វើយ៉ាងណាអាចធ្វើឱ្យកុមារគ្រប់រូប និងយុវជនដែលនៅតាមបណ្តាខេត្តអាចទទួលបានឱកាសដូចកុមារនិងយុវជនដទៃ។ កញ្ញាជឿជាក់ថា ការទទួលបានការអប់រំស្មើៗគ្នា គឺជារឿងដែលសំខាន់បំផុតក្នុងការលើកកម្ពស់ការអប់រំ។ កត្តាទាំងនេះ បានបណ្តាលឱ្យកញ្ញាបានដាក់ពាក្យចូលរួមក្នុងកម្មវិធីអន្តរជាតិផ្សេងៗតាមរយៈអនឡាញ ដើម្បីអាចពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកុមារនិងយុវជនក្នុងវិស័យអប់រំ។

ក្នុងរយៈពេលដ៏ខ្លី យុវតីរូបនេះ បានចូលរួមប្រកួតក្នុងកម្មវិធីមួយឈ្មោះថា “Human Design Thinking Hackathon” ហើយទទួលបានជ័យជំនះក្នុងការទទួលបានថវិកាមកអនុវត្តគម្រោងមួយដែលមានឈ្មោះថា A+ Forum ដែលមានគោលបំណងក្នុងការបង្កើតជាថ្នាក់រៀនអនឡាញសម្រាប់សិស្សថ្នាក់ទី១២ ដែលមិនមានលទ្ធភាពក្នុងការរៀនគួរ អាចសិក្សាជាមួយនឹងគ្រូបង្រៀនស្ម័គ្រចិត្តដែលជាអតីតសិស្សនិទ្ទេស A ដែលនឹងអនុវត្តដល់ខែ ឧសភា ដើម្បីសិស្សានុសិស្សមានឱកាសទទួលបានការបង្រៀនដោយឥតគិតថ្លៃក្នុងការត្រៀមលក្ខណៈប្រលងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។ បន្ថែមពីការបង្កើតគម្រោង A+ Forum យុវតីរូបនេះ កំពុងចូលរួមអភិវឌ្ឍសមត្ថភាពរបស់ខ្លួនតាមរយៈកម្មវិធីមួយចំនួនដូចជា កម្មវីធីយុវជនដើម្បីសន្តិភាពកម្ពុជា (Youth For Peace Cambodia) ផ្តោតលើការដឹកនាំគម្រោងដើម្បីសង្គម, កម្មវិធី Your Big Year Global Citizen Challenge ជាមួយសិស្ស៣០០នាក់ផ្សេងទៀតមកពីក្រៅប្រទេស, និងកម្មវិធី SEA Southeast Exchange ផ្តោតលើការស្រាវជ្រាវជាមួយជនជាតិសិង្ហបុរីពាក់ព័ន្ធនឹងកម្លាំងពលកម្ម។

កញ្ញា ហេង មេត្តា នឹងបន្តហាត់ការនៅប្រទេសអាហ្រ្វិកនាពេល៤ខែខាងមុខ ដើម្បីទទួលបានបទពិសោធន៍ការងារដែលពាក់ព័ន្ធនឹងយុវជន និងសហគមន៍។​ យុវតីរូបនេះ​មានការសង្ឃឹមថានឹងអាចបន្តការស្រាវជ្រាវរបស់ខ្លួននាពេលខាងមុខពាក់ព័ន្ធនឹងការអប់រំ ព្រមទាំងសង្ឃឹមថាអាយុ មិនមែនជាកត្តាសំខាន់ក្នុងការចូលរួមចំណែកក្នុងការស្រាវជ្រាវ។ បន្ថែមពីនេះ កញ្ញាសង្ឃឹមថា នាពេលខាងមុខ កម្ពុជានឹងផ្តល់ឱកាសដល់យុវជនដែលមានវ័យក្មេងធ្វើការស្រាវជ្រាវបានកាន់តែច្រើនតាមរយៈការប្រកួតនានាបន្ថែមពីការសិក្សាក្នុងថ្នាក់រៀន ព្រោះ ការស្រាវជ្រាវ ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអប់រំនៅកម្ពុជា។

ជាចុងក្រោយ កញ្ញាបានលើកឡើងថា ថ្វីត្បិតមិនទាន់ចូលរៀននៅសាកលវិទ្យាល័យក្តី មេត្តាមិនធ្លាប់មានអារម្មណ៍ស្តាយពេលវេលានោះឡើយ ទោះជាអ្នកជុំវិញខ្លួនមិនយល់ស្របនឹងដំណើររបស់ខ្លួនក៏ដោយ។ មេត្តានឹងបន្តដំណើរស្វែងរកខ្លួនឯង និងបង្កើតផលវិជ្ជមានក្នុងសង្គមតាមរយៈការស្រាវជ្រាវ និងការធ្វើការងារសង្គម ដើម្បីជម្រុញឱ្យយុវជនជំនាន់ក្រោយបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា និងដឹងកាន់តែច្រើនពាក់ព័ន្ធនឹងការស្រាវជ្រាវ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង