
ភ្នំពេញ៖ ក្រុមយុវជនដើម្បីពន្លឺនិងស្នាមញញឹម កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ បានរៀបចំនូវសិក្ខាសាលាមួយហៅថា «ពន្លក» ដើម្បីអប់រំយុវវ័យស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនក្រោមប្រធានបទ «ការគ្រប់គ្រងលុយសម្រាប់យុវវ័យ»។សិក្ខាសាលានេះបានប្រព្រឹត្តិឡើងនៅ៑៑ឯសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមសរុបប្រមាណ ៧០ នាក់ ដោយមិនគិតថ្លៃ។
យុវជន កៅ តាយអៀង ជាក្រុមការងារនៃកម្មវិធីសិក្ខាសាលានេះ បានរៀបរាប់ប្រាប់ស៊ីស៊ីថាមស៍ថា កម្មវិធីនេះមានការចូលរួមចែករំលែកពី វាគ្មិនកិត្តិយសចំនួន ២ រូបគឺ កញ្ញា ខូវ បូរ៉ែន ដែលជាគណនេយ្យករនិងអ្នកវិភាគហិរញ្ញវត្ថុនៃក្រុមហ៊ុនអន្តរជាតិមួយ ព្រមទាំងលោក ឈឹម សុភ័ក្រ ដែលជាប្រធានទីផ្សារនៃក្រុមហ៊ុនឯកជនមួយ។ វាគ្មិនកិត្តិយសទាំង២រូបបានចែករំលែកក្រោមប្រធានបទ «ការគ្រប់គ្រងលុយសម្រាប់យុវវ័យ» ។

ក្នុងការចែករំលែកនេះ វាគ្មិនបានចែករំលែកពាក់ព័ន្ធនឹងអត្ថប្រយោជន៍នៃការចេះគ្រប់គ្រងលុយក្នុងសំណាក់យុវជន រួមទាំងវិធីសាស្ត្រ 50-30-20 សម្រាប់គ្រប់គ្រងចំណាយចំណូលរបស់ខ្លួន។ វាគ្មិនបានចែករំលែកទៅកាន់យុវជនដែលចូលរួមថាវិធីសាស្រ្តសន្សំនេះមានន័យថា យុវជនអាចកំណត់ 50% នៃចំណូលនោះគឺសម្រាប់ បំពេញតម្រូវការប្រចាំថ្ងៃ រីឯ 30% ទៀតគឺសម្រាប់បំពេញចំណង់របស់ខ្លួន ព្រមទាំង 20% ទៀតគឺសម្រាប់ទុកដាក់សន្សំ។ ក្រៅពីនេះ វាគ្មិនទាំងពីររូបបានលើកឡើងថា ការចេះបែងចែករវាងអ្វីទៅជាតម្រូវការ និងអ្វីទៅជាចំណង់របស់មនុស្សនៅពេលដែលចាយវាយ ជារឿងដែលសំខាន់យុវជនគួរយល់ដឹង។

បើតាម អ្នករៀបចំកម្មវិធីសិក្ខាសាលា វាគ្មិន សុភ័ក្រ និងវាគ្មិន សុភ័ក្រ បានជម្រុញឱ្យយុវជនចាប់យកអាជីពណាមួយដែលខ្លួនអាចធ្វើបានដើម្បីទទួលបានចំណូល ដែលក្នុងនោះ មានដូចជាតាមរយៈការបង្រៀនក្រៅម៉ោង ការធ្វើការងារ Freelance ឬការចាប់ផ្ដើមអាជីវកម្មខ្នាតតូចមួយ។ បន្ថែមពីប្រធានបទពាក់ព័ន្ធនិងការសន្សំ វាគ្មិនបានលើកឡើងថា យុវជនគួរចៀសឱ្យផុតពីអន្ទាក់បំណុល តាមរយៈការខ្ចីប្រាក់និង Credit Cards ជាដើម ដែលវាគ្មិនបានសង្កត់ធ្ងន់ទៅលើផលអវិជ្ជមានដែលតោងជាប់ពីក្រោមមធ្យោបាយទាំងអស់នេះ។

យុវសិស្ស ញ៉ ស្រីញ៉ម ជានិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកចូលរួមមួយរូបនៃសិក្ខាសាលា «ពន្លក» បានរៀបរាប់ថា៖ «សិក្ខាសាលានេះបានបង្រៀនឱ្យយល់ដឹងបន្ថែមអំពីតម្លៃនៃលុយ ដែលលុយមិនមែនជាវត្ថុអាចកើតឡើងដោយឯកឯងបានទេ។ ខ្ញុំបានរៀនសូត្របន្ថែមអំពីការគ្រប់គ្រងចំណាយតាមរយៈវិធីសាស្ត្រ 50-30-20 ដែលណែនាំខ្ញុំក្នុងការចាយវាយទៅលើតម្រូវការប្រចាំថ្ងៃ 50% ចំណែក 30% ទៀតទៅលើការកម្សាន្តឬចំណង់របសើខ្ញុំ ព្រមទាំង 20% ទៀតគឺទៅលើការសន្សំ។ ជាងនេះទៅទៀត ខ្ញុំក៏បានយល់ដឹងបន្ថែមអំពីការចេះបែងចែកឱ្យដាច់រវាងតម្រូវការនិងចំណង់នៅពេលចាយវាយ ដោយខ្ញុំចាំបានប្រយោគមួយឃ្លាថា “យើងចង់បានវា ឬយើងគ្រាន់តែចង់បានវា ដើម្បីចង់ឱ្យគេឃើញ?”។ សិក្ខាសាលានេះថែមទាំងបានលើកទឹកចិត្តខ្ញុំឱ្យចៀសផុតពីបំណុល ដោយព្យាយាមចៀងវាងការទិញដោយជំពាក់ ការខ្ចី ក៏ដូចជាការបង់រំលស់ជាដើម។ ជាចុងក្រោយនាងខ្ញុំថែមទាំងទទួលបានការណែនាំឱ្យធ្វើបញ្ជីចំណូលចំណាយខ្លួនឯង និងប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃផ្សេងៗដូចជា YNAB ព្រមទាំង GoodBudget សម្រាប់គ្រប់គ្រងលុយរបស់ខ្លួនផងដែរ។»

តំណាងឱ្យអ្នករៀបចំសិក្ខាសាលានេះ យុវជន តៃអៀង សង្ឃឹមថាយុវជនគ្រប់រូបនឹងព្យាយាមស្វែងយល់បន្ថែមអំពីការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ពីព្រោះអនាគតរបស់ពួកគេអាចមានភាពល្អប្រសើរក្រោយបានចូលរួមសិក្ខាសាលានេះ។ សម្រាប់គោលដៅបន្ទាប់របស់ក្រុមយុវជនដើម្បីពន្លឺនិងស្នាមញញឹម នឹងព្យាយាមរៀបចំគម្រោងសង្គមបន្ថែមទៀត ដែលអាចរួមចំណែកអភិវឌ្ឍន៍យុវជនក្នុងសហគមន៍។ ជាចុងក្រោយ យុវជនក្រុមនេះ បានលើកទឹកចិត្តយុវជនដទៃទៀតក្នុងការផ្ដួចផ្ដើមនិងដឹកនាំគម្រោងសង្គមអោយបានច្រើនទាក់ទងនិងការគ្រប់គ្រងហិរញ្ញវត្ថុជាពិសេសសម្រាប់យុវជនទូទៅក្នុងសហគមន៍ ដោយលើកឡើងថា យុវជនសុទ្ធសឹងតែមានសក្ដានុពលក្នុងការនាំមកនូវភាពវិជ្ជមានដល់សហគមន៍ដែលពួកយើងកំពុងរស់នៅសព្វថ្ងៃនេះ៕