Cctime 6monthsfree desktop
Cc times  web banner kh (2)

អ.វ.ត.ក. រៀបចំកម្មវិធីសិក្ខាសាលាស្ដីពី "សុបិនតូចក្នុងរូបភាពធំ" សម្រាប់កុមារអាយុ ១០-១៤ឆ្នាំ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) នឹងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី "សុបិនតូចក្នុងរូបភាពធំ" សម្រាប់កុមារអាយុចន្លោះ ១០-១៤ឆ្នាំ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តកម្ពុជា នៅថ្ងៃសៅរ៍ ទី៦ មេសា ២០២៥ វេលាម៉ោង ១:៣០ នាទី រយៈពេលចំនួន ៣​ម៉ោង នៅទីតាំង មជ្ឈមណ្ឌលធនធាន អ.វ.ត.ក, កន្លែងទទួលភ្ញៀវ ដែលកុមារអាចចូលរួមដោយឥតគិតថ្លៃ។

យោងតាមគេហទំព័រផ្លូវការរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះ ត្រូវបានធ្វើឡើងសម្រាប់ការយល់ដឹងរបស់កុមារ ដែលមានអាយុចន្លោះពី ១០ ទៅ ១៤ឆ្នាំ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃយុត្តិធម៌ តាមរយៈកម្មវិធីសិក្សាអន្តរកម្ម និងសិល្បៈនៃការរួបរួមគ្នា។

កម្មវិធីសិក្ខាសាលាលើកទីមួយស្ដីអំពី "សុបិនតូចក្នុងរូបភាពធំ" នេះត្រូវបានរៀបចំឡើងដើម្បីជំរុញឱ្យមានការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត ជុំវិញប្រធានបទយុត្តិធម៌ និងការចងចាំ ដោយមានដាក់បញ្ចូលនូវសកម្មភាពមួយចំនួនរួមមាន ការស្វែងយល់ពីអតីតកាលរបស់ប្រទេសកម្ពុជា ការស្វែងយល់ពីការងារយុត្តិធម៌តាមរយៈកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងការបង្កើតស្នាដៃសិល្បៈរួមគ្នាដែលដឹកនាំដោយ វិចិត្រករ Penkuro និងបន្ថែមស្នាដៃទៅជារូបភាពធំដែលរចនាសារជាថ្មីដោយសិល្បករ សុត សេរី។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី២៦ ខែមេសា នៅទីតាំង មជ្ឈមណ្ឌលធនធាន អ.វ.ត.ក, កន្លែងទទួលភ្ញៀវ រយៈពេល ៣ ម៉ោង ដោយចាប់ផ្តើមពីម៉ោង ១:៣០ រសៀល ។ សិស្ស ឬ អាណាព្យាបាលអាចចុះឈ្មោះនៅទីនេះ https://forms.uniqo.de/GK4Q9o ។ កម្មវិធី នឹងធ្វើឡើងដោយនិយាយជាភាសាខ្មែរ។

គួរបញ្ជាក់ថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) គឺជាតុលាការពិសេសមួយរបស់កម្ពុជាដែលទទួលបានការគាំទ្រពីមជ្ឈដ្ឋានអន្ដរជាតិតាមរយៈអង្គការសហប្រជាជាតិ (UNAKRT)។ តុលាការនេះត្រូវបានគេស្គាល់ថាជាតុលាការខ្មែរក្រហម៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង