
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានប្រកាសថាខ្លួននឹងយកពន្ធ ១០៤% លើការនាំចូលទំនិញរបស់ចិនដែលនឹងចូលជាធរមាននៅថ្ងៃទី១០ ខែ មេសា។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រទេសចិនអនុវត្តពន្ធ ៣៤% លើទំនិញអាម៉េរិក ដែលរដ្ឋបាលសហរដ្ឋអាម៉េរិកបានចាត់ទុកថាជាកំហុសដ៏ធំមួយ។ ជាការឆ្លើយតបចិនបានប្ដេជ្ញាថានឹង «តស៊ូដល់ទីបញ្ចប់» និងចាត់វិធានការប្រឆាំងនឹងសហរដ្ឋអាម៉េរិកប្រសិនបើការគំរាមយកពន្ធមិនត្រូវបានដកចេញ។

យោងតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt កាលពីល្ងាចថ្ងៃអង្គារបានប្រកាសនៅក្នុងសន្និសីទព័ត៌មានប្រចាំសេតវិមានថាអាម៉េរិកនឹងបន្តយកពន្ធគយលើទំនិញចិននាំចូលដល់ទៅ ១០៤% វិធានការនេះឆ្លើយតបត្រឡប់ទៅចិនវិញក្រោយប្រទេសចិនបដិសេធមិនដកពន្ធគយលើទំនិញអាម៉េរិកដែលខ្លួនបានដាក់ដល់ទៅ ៣៤%។ លោកស្រីអះអាងទៀតថាបណ្តាប្រទេសដូចជាប្រទេសចិនដែលបានជ្រើសរើសយកការសងសឹក និងព្យាយាមបន្ថែមពន្ធទ្វេរដងលើទំនិញរបស់អាម៉េរិកគឺជាការគិតខុស និងគំហុសរបស់ពួកគេ។

អ្នកជំនាញបានព្រមានថាផលប៉ះពាល់ភ្លាមៗនៃពន្ធគយទាំងនេះត្រូវបានគេរំពឹងថានឹងបង្កការរំខានដែលអាចកើតមានឡើងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់សកល និងការកើនឡើងនៃការចំណាយសម្រាប់អ្នកប្រើប្រាស់ និងអាជីវកម្មដែលអាចនឹងឈានដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក៕
