
ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន។ ក្នុងនោះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន នាថ្ងៃទី៨ ខែមេសានេះ ។

សម្តេច ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សម្តេចក៏បានគូសបញ្ជាក់ពីសមិទ្ធផល ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។

សម្តេចក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។

ក្នុងឱកាសនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា «បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក»។ ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន។

សម្តេច ហ៊ុន ម៉ាណែត បានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕