Smart saver cctime web bannertif

យុវតី កៅ ម៉េងហ័ង ផ្តួចផ្តើម«មូលនិធិស្ទែម»ដើម្បីរៀបចំកម្មវិធីសិក្សាស្ទែម​ និងទិញជាសម្ភារៈសិក្សាផ្នែកស្ទែម សម្រាប់សិស្សនៅតាមបណ្តាខេត្ត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
កញ្ញា កៅ ម៉េងហ័ង ស្ថាបនិកនៃ STEMUNITY និងមូលនិធិស្ទែម

ភ្នំពេញ៖ កញ្ញា កៅ ម៉េងហ័ង ផ្តួចផ្តើមគម្រោង «មូលនិធិស្ទែមសម្រាប់ការអប់រំស្ទែមតាមបណ្តាខេត្ត» ក្នុងគោលបំណងបង្កើត រៀបចំកម្មវិធីសិក្សាស្ទែម និងផ្តល់ជាសម្ភារៈស្ទែមសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត។ កាលពីថ្មីៗនេះ ម៉េងហ័ង ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីអន្តរជាតិមួយនៅសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យយុវតីរូបនេះ ទទួលបានការកោតសរសើរពីភាពក្លាហាន និងការចូលរួមចំណែករបស់រូបនាងក្នុងវិស័យស្ទែម។

យុវតី កៅ ម៉េងហ័ង ជាសិស្សមួយរូបដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យមកពីវិទ្យាល័យពាមជីកង ខេត្តកំពង់ចាម ហើយបច្ចុប្បន្នកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិច។ ម៉េងហ័ង ត្រូវបានសាធារណជន និងយុវជនភាគច្រើនស្គាល់ថាជាយុវជនដែលចូលរួមចំណែកលើវិស័យស្ទែម ដែលបានប្រឡូកការប្រកួតកម្មវិធីជាច្រើនទាំងក្នុងនិងក្រៅប្រទេសពាក់ព័ន្ធនឹងវិស័យស្ទែម។ កញ្ញាបានផ្តួចផ្តើមគម្រោង STEMUNITY និងបង្កើតមាតិកាលើបណ្តាញសង្គមផ្ទាល់ខ្លួនចែករំលែកពាក់ព័ន្ធនឹងជំនាញស្ទែមជាច្រើន ដើម្បីបង្ហាញឱ្យសិស្សានុសិស្សដទៃបានដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងជំនាញស្ទែម។ ជាពិសេស កាលពីថ្មីៗនេះ ម៉េងហ័ង ត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីអន្តរជាតិមួយនៅសហរដ្ឋអាម៉េរិក ដែលធ្វើឱ្យយុវតីរូបនេះ ទទួលបានការកោតសរសើរពីភាពក្លាហាន និងការចូលរួមចំណែករបស់រូបនាងក្នុងវិស័យស្ទែម។

ក្រោយតំណាងកម្ពុជាលើឆាកអន្តរជាតិ ម៉េងហ័ង បានត្រលប់មកកម្ពុជា បានផ្តួចផ្តើមនូវសមិទ្ធផលថ្មីមួយឈ្មោះថា WEDAREDO ដែលរួមបញ្ចូលនូវ«មូលនិធិស្ទែម»។ បើតាមការបង្ហោះរបស់យុវតីរូបនេះក្នុងបណ្តាញសង្គម «មូលនិធិស្ទែមសម្រាប់ការអប់រំស្ទែមតាមបណ្តាខេត្ត» ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើត រៀបចំកម្មវិធីសិក្សាស្ទែម និងផ្តល់ជាសម្ភារៈស្ទែមសម្រាប់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដែលគោលដៅទី១ គឺខេត្តកំពង់ចាម។ កញ្ញា កៅ ម៉េងហ័ង បានលើកឡើងបន្តទៀតថា ថវិការដែលបានពីមូលនិធិស្ទែមទាំងអស់នឹងយកទៅរៀបចំជាកម្មវិធីសិក្សាសម្រាប់ សិស្សានុសិស្សនៅតាមបណ្តាខេត្ត និងទិញជាសម្ភារៈសិក្សាផ្នែកស្ទែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា) សម្រាប់ទុកជាធនធានសិក្សាសម្រាប់សិស្សានុសិស្ស។

ជាការផ្សារភ្ជាប់ជាមួយនឹងគោលបំណងដើម្បីរៃអង្គាសសម្រាប់ «មូលនិធិស្ទែម» ម៉េងហ័ង បានព្យាយាមបង្កើតមាតិកាក្រោម Episode WEDAREDO ទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវជនជាច្រើន ដោយសារតែខ្លឹមសារ និងអត្ថន័យដែលបំផុសគំនិតឱ្យយុវជនចាប់យកក្តីស្រមៃ។ វីដេអូទាំងនោះ បានបង្ហាញពីដំណើរនៃការប្រឡូកក្នុងការរត់តាមក្តីស្រមៃរបស់ម៉េងហ័ង បូកផ្សំជាមួយនឹងគន្លឹះដែលអាចធ្វើឱ្យយុវតីរូបនេះ អាចសម្រេចក្តីស្រមៃទាំងនោះទៀតផង។

សម្រាប់សាធារណជនដែលមានចំណាប់អារម្មណ៍លើមូលនិធិស្ទែម អាចចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់ ម៉េងហ័ង ដែលមានឈ្មោះ ថា Kao Menghorng- កៅ ម៉េងហ័ង សម្រាប់់ព័ត៌មានលម្អិត។

គួរបញ្ជាក់ផងដែរថា ស្ទែម មកពីពាក្យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហើយការអប់រំស្ទែម គឺសំដៅដល់ការសិក្សាមុខវិជ្ជាទាំងអស់នោះ តាមរយៈការដោះស្រាយបញ្ហា និងការអនុវត្តបង្កើតថ្មី។ ការអប់រំស្ទែមពិតជាសំខាន់ សម្រាប់សិស្សានុសិស្សដើម្បីបង្កើតជំនាញក្នុងសតវត្សរ៍ទី ២១ នេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង