Smart saver cctime web bannertif

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ សហការជាមួយស្ថាប័នអន្តរជាតិ ដើម្បីបើកឱកាសដល់និស្សិតហាត់ការរយៈពេល ១២ សប្តាហ៍ ក្នុងតំបន់អាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ កម្មវិធី SEA Bridge NextGen 1967 ជ្រើសរើស សិស្ស-និស្សិតដែលកំពុង ឬ ទើបបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា ក្នុងជំនាញផ្សេងៗគ្នា ដើម្បីសិក្សា ហាត់ការ ចូលរួមប្រកួត និងអនុវត្តគម្រោងជាក់ស្តែង ចាប់ផ្តើមនៅចុងខែ ឧសភា ដល់ខែ សីហា ឆ្នាំ ២០២៥។ កម្មវិធីនេះ បង្កើតឡើងដើម្បី យុវជនអាចទទួលបានការបណ្តុះបណ្តាលបន្ថែមលើសពីអ្វីដែលថ្នាក់រៀនអាចផ្តល់ជូន ព្រមទាំងបានអនុវត្តជាក់ស្តែងអំពីនវានុវត្តន៍, សហគ្រិនភាព, និង ឥទ្ធិពលក្នុងថ្នាក់តំបន់។

យោងតាមគេហទំព័រមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី បានឱ្យដឹងថា តាមរយៈការចូលរួមក្នុងកម្មវិធី SEA Bridge NextGen 1967 សកម្មភាពដែលសិស្ស-និស្សិតនឹងអនុវត្តន៍ រួមមាន ដោះស្រាយបញ្ហាប្រឈមជាក់ស្តែងរបស់ក្រុមហ៊ុនស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមសិក្ខាសាលាថ្នាក់សកល, ការប្រកួតប្រជែងអាជីវកម្ម និង កម្មវិធី Hackathon។ បន្ថែមពីនេះ សិស្សនឹងអនុវត្តគម្រោងជាក់ស្តែងរបស់ក្រុមហ៊ុន - គោលបំណងបង្កើនប្រាក់ចំណូល ១០ % បន្ថែមទៅកាន់អតិថិជន ព្រមទាំងចូលរួមធ្វើបទបង្ហាញក្នុងកម្មវិធី ASEAN Future Talent Forum 2025 ដែលរំពឹងមានអ្នកចូលរួមជាង ១០០០ នាក់។ ក្រោយចប់កម្មិវធី សិស្សនឹងទទួលបានវិញ្ញាបនប័ត្របណ្តុះបណ្តាលពីដៃគូប្រទេសថៃរួមមាន ទីភ្នាក់ងារនវានុវត្តន៍ជាតិ (National Innovation Agency) និង ទីផ្សារមូលបត្រប្រទេសថៃ(Stock Exchange Thailand)។

បើតាមគេហទំព័ររបស់ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ដើម្បីអាចដាក់ពាក្យបាន សិស្ស-និស្សិតដែលកំពុង ឬ ទើបបញ្ចប់ការសិក្សានៅក្នុងប្រទេសកម្ពុជា ក្នុងជំនាញផ្សេងៗគ្នា ដែលចូលចិត្តស្វែងយល់ និង សាកល្បងអ្វីថ្មីៗ ដែលផ្តល់តម្លៃទៅលើការរៀនសូត្រ មានភាពជាអ្នកដឹកនាំ និង គំនិតផ្តួចផ្តើមក្នុងការសហការរវាងបណ្តាប្រទេសនានា និងមានបំណងក្លាយជានិស្សិតឆ្នើមក្នុងចំណោមនិស្សិតចំនួនជាង ២០០ នាក់តំណាងមកពី ៤៥ សាកលវិទ្យាល័យ, ២៥ ទីក្រុង, និង ១០ ប្រទេស​។

យោងតាមប្រភពដដែលបាន​ឱ្យដឹងថា កម្មវិធីនឹងចាប់ផ្តើមនៅចុងខែ ឧសភា ដល់ខែ សីហា ឆ្នាំ ២០២៥ ដែលរួមមានថ្នាក់អនឡាញ និង សកម្មភាពដោយផ្ទាល់។ សិស្សអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ bit.ly/SBNextGen ឱ្យបានមុនកាលបរិច្ឆេទផុតកំណត់គឺថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២៥។ ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://seabridge.space/nextgen1967

គួរបញ្ជាក់ថា SEA Bridge NextGen 1967 នេះត្រូវបានសហការរួមគ្នារវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" និងSEA Bridge - Growth for Good ក្នុងគោលបំណងផ្តល់ឱកាសទៅកាន់សិស្ស-និស្សិតកម្ពុជា ដោយទទួលបានការបណ្តុះបណ្តាលបន្ថែមលើសពីអ្វីដែលថ្នាក់រៀនអាចផ្តល់ជូន ព្រមទាំងបានអនុវត្តជាក់ស្តែងអំពីនវានុវត្តន៍, សហគ្រិនភាព, និង ឥទ្ធិពលក្នុងថ្នាក់តំបន់៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង