Smart saver cctime web bannertif

«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា » តម្រង់ទិសសិស្សមកពីវិទ្យាល័យចំនួន៤ នៅបាត់ដំបង ដើម្បីជ្រើសរើសជំនាញដែលសាកសម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» ត្រូវបានរៀបចំកាលពីថ្ងៃទី ២៩ មីនា​ ២០២៥ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ទីរួមខេត្តបាត់ដំបង ក្នុងគោលបំណងដើម្បីតម្រង់ទិសសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន ៤ ដើម្បីជ្រើសរើសជំនាញដែលសាកសមដើម្បីសិក្សានៅសាកលវិទ្យាល័យ។ វេទិកាឧត្តមសិក្សា រួមមានសិក្ខាសាលាពីជំនាញដែលអាចសិក្សានៅសាកលវិទ្យាល័យ គន្លឹះប្រឡងអាហារូបករណ៍ក្នុងប្រទេស និងក្រៅប្រទេស និងត្រៀមលក្ខណៈចូលក្នុងទីផ្សារការងារ ។


ក្រុមការងារនៃគម្រោង «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្នុងកម្មវិធីនេះមានរួមបញ្ចូល ការចែករំលែកបទពិសោធន៍ពីការជ្រើសជំនាញដូចជា ជំនាញនីតិសាស្ត្រ ជំនាញធនាគារ និងហិរញ្ញវត្ថុ ជំនាញវិស្វកម្មមេកានិចរថយន្ត វិស្វកម្មអគ្គីសនី កម្មវិធីបណ្តុះបណ្តាលជំនាញ ១.៥ លាននាក់ របស់រាជរដ្ឋាភិបាល គន្លឹះ និងឱកាសស្វែងរកអាហារូបករណ៍ក្នុងនិងក្រៅប្រទេស បទពិសោធន៍ក្នុងការស្វែងរកភាពជាខ្លួនឯង សហគ្រិនភាព និងបច្ចេកវិទ្យាអប់រំ ។លើសពីនេះទៅទៀត ក្នុងពិព័រណ៍អប់រំ មានការដាក់តាំងបង្ហាញពី ជំនាញ និងស្នាដៃនិស្សិតតាមវិទ្យាស្ថាន សាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង និងមកពីក្រៅប្រទេស ស្តង់ប្រឹក្សាការសិក្សានៅក្រៅប្រទេស រួមទាំងស្តង់សៀវភៅផងដែរ។

«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា ខេត្តបាត់ដំបង» មានការចូលរួមពីសំណាក់ស្ថាប័ន និងភាគីពាក់ព័ន្ធ ជាង​ ២០ ស្ថាប័ន និងសិស្សានុសិស្សថ្នាក់ទី១២ លោកគ្រូ-អ្នកគ្រូ និស្សិត និងសាធារណៈជនប្រមាណជាង១០០០នាក់ ទូទាំងទីរួមខេត្តបាត់ដំបង។ សិស្សានុសិស្សចូលរួមជាសិស្សដែលមកពីវិទ្យាល័យចំនួន៤រួមមាន ​វិទ្យាល័យ នេត យ៉ង វិទ្យាល័យសម្តេចឪ វិទ្យាល័យមុន្នីវង្ស និងវិទ្យាល័យអន្លង់វិល។

«វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» គឺជាកម្មវិធីដែលទទួលបានការទទួលស្គាល់ និងគាំទ្រពីក្រសួងអប់រំ ក្រសួងការងារ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ទាំងរដ្ឋ និងឯកជនជាច្រើន។ «វេទិកាឧត្តមសិក្សា និងពិព័រណ៍អប់រំកម្ពុជា» នឹងធ្វើដំណើរបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមានខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ព្រមទាំងកម្មវិធីប្រចាំឆ្នាំទៅរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង