
ថៃ៖ សំណង់អគារថៃប្រមាណ ៧០០ អគាររបស់ប្រទេសថៃបានទទួលរងការខូចខាតដោយខ្លះប្រេះចេញស្នាម និងបង្កការព្រួយបារម្ភដល់អ្នកដែលស្នាក់នៅអគារដែលមានបញ្ហាក្រោយគ្រោះរញ្ជួយដីកម្រិត ៧,៧វ៉ិចទ័របានវាយប្រហារកាលពីថ្ងៃសុក្រសប្តាហ៍មុន។ រដ្ឋាភិបាលក្រុងបាងកកបានបើកការត្រួតពិនិត្យសុវត្ថិភាព និងទីក្រុងដាក់ពង្រាយវិស្វករចំនួន ១៣០ នាក់ ដើម្បីត្រួតពិនិត្យអគារចំនួន ៧០០ ដែលប្រឈមនិងបញ្ហាខូចខាតប្រេះស្រាំក្រោយកើតមានគ្រោះរញ្ជួយដី។

រដ្ឋបាលក្រុងបាងកកលោក Chadchart Sittipunt បានគូសបញ្ជាក់ថារដ្ឋាភិបាលថៃកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងការបញ្ចូនមន្រ្តីជំនាញចុះពនិត្យមើលអគារដែលរងការខូចខាតដោយសារគ្រោះរញ្ជួយដី លោកក៏បានជំរុញឲ្យម្ចាស់អគារប្រមាណជាង ១ម៉ឺនអគារឲ្យតាមដាន និងរាយការណ៍ទៅកាន់មន្រ្តីជំនាញប្រសិនបើរកឃើញអគាររបស់ពួកគេមានស្នាមប្រេះ រឺខូចខាតក្រោយគ្រោះរញ្ជួយដីដើម្បីស្កាត់ហានិភ័យណាមួយអាចកើតមានឡើង។
អភិបាក្រុងបាងកកដដែលបានអះអាងទៀតថាពេលនេះ សេវាកម្មដឹកជញ្ជូនសាធារណៈ រួមទាំងរថយន្តក្រុង រថភ្លើង និងរថភ្លើងក្រោមដី បានដំណើរការឡើងវិញជាធម្មតា ដែលរួមចំណែកដល់ការបន្ធូរបន្ថយការកកស្ទះចរាចរណ៍។ គិតត្រឹមថ្ងៃច័ន្ទនេះពលរដ្ឋដែលបានស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃកើនឡើងដល់ ១៨ និង ៣៣នាក់រងរបួសក្នុងនោះមានអគារជាច្រើនខ្នងរងការបំផ្លិចបំផ្លាញស្ទើតែទាំងស្រុង៕