
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បញ្ជាក់ពីការប្តេជ្ញាចិត្ត និងសាមគ្គីភាព ក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី នៅប្រទេសថៃ និងមីយ៉ាន់ម៉ា ដោយបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសេចក្តីប្រកាសរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
លោក ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន និងបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងការប្តេជ្ញាចិត្តក្នុងការស្វែងរកការរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ស្របតាមតម្រូវការនៅមូលដ្ឋាន។

កម្ពុជា ស្វាគមន៍រាល់សកម្មភាពនានាឆ្លើយតបគ្រោះមហន្តរាយអាស៊ាន និងការគាំទ្រពីអន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តោតលើសន្តិភាព និងធានាថាជំនួយមនុស្សធម៌បន្ទាន់នឹងបានទៅដល់ដៃអ្នកដែលត្រូវការ។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ និងអរគុណចំពោះរដ្ឋាភិបាល ថៃ និងមីយ៉ាន់ម៉ា សម្រាប់ការគាំទ្រដែលផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះ៕
.jpg?1743389689)

