Cctime 6monthsfree desktop
Cc times  web banner kh (2)

និស្សិត៥ក្រុម បាន «ជ័យលាភីក្នុងការប្រកួតប្រជែងគំរូអាជីវកម្ម» ឆ្នាំ២០២៥ ក្រោយបានការបណ្តុះបណ្តាលស៊ីជម្រៅរយៈពេល៣ខែ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិត៥ក្រុមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ ទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងគំរូអាជីវកម្មឆ្នាំ២០២៥ (Business Model Competition 2025 Awards) ក្រោយការប្រកួតជាមួយនឹងនិស្សិត៧០ក្រុមផ្សេងទៀត មកពីសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាង ២៥ ទូទាំងកម្ពុជា ។

បើតាមក្រសួងអប់រំ បានឱ្យដឹងថាកម្មវិធីប្រកួតប្រជែងគំរូអាជីវកម្មថ្នាក់ជាតិកម្ពុជា លើកទី១៥ ក្នុងឆ្នាំ២០២៥នេះ មានក្រុមនិស្សិតចូលរួមប្រកួតចំនួន ៧០ក្រុម មកពីសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាង ២៥ទូទាំងកម្ពុជា បានដាក់ស្នើគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ តាមរយៈការដាក់ពាក្យសុំជាវីដេអូ ហើយបន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ចត់ ក្រុមដែលមានពិន្ទុខ្ពស់បំផុតចំនួន ២៨បានចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលស៊ីជម្រៅរយៈពេលបីខែ ដើម្បីកែលម្អគម្រោង មុនឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រថ្ងៃនេះ។

ក្រោយការប្រកួតវគ្គផ្តាច់ព្រ័ត្រ កម្មវិធីបានរកឃើញជ័យលាភីចំនួន៥ក្រុម រួមមាន «ក្រុម WE-SYNC» បានមេដាយមាស និងពានរង្វាន់ជើងឯក ជាសាច់ប្រាក់៥ពាន់ដុល្លារ «ក្រុម OneDash» បានមេដាយប្រាក់ បានរង្វាន់ជាសាច់ប្រាក់ ៣ពាន់ដុល្លារ «ក្រុម MangoGlow» បានមេដាយសំរិទ្ធ ទទួលបានរង្វាន់ជាសាច់ប្រាក់ ២ពាន់ដុល្លារ។ បន្ថែមពីនេះ មាន «ក្រុម KAYVIKA» បានជ័យលាភីផ្នែក Best Tech Team ដែលទទួលបានដំណើរកម្សាន្តទៅកាន់ទីក្រុង San Francisco និង «ក្រុម HY-LID» បានជ័យលាភីផ្នែក Social Impact Team ទទួលបានដំណើរកម្សាន្តទៅកាន់ Ireland។

លោក ហង់ ជួនណារ៉ុន បានចូលរួមប្រគល់ពានរង្វាន់នៅថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រ និងបានបង្ហាញសេចក្តីរំភើបរីករាយដែលបានឃើញភាពក្លៀវក្លាវាងវៃរបស់និស្សិតកម្ពុជា ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សាកលវិទ្យាល័យជាតិគ្រប់គ្រង និងដៃគូសហការទាំងអស់ ដែលបានផ្តួចផ្តើមឱ្យមានកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកម្ពុជាអាចបង្ហាញសមត្ថភាពក្នុងវិស័យសហគ្រិនភាពប្រកបដោយភាពច្នៃប្រឌិត។ សហគ្រាសចាប់ផ្តើមអាជីវកម្មថ្មី (Startup) មិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងចូលរួមលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មនៅក្នុងសេដ្ឋកិច្ចសង្គមជាតិ ដូច្នេះ ពិតជាចាំបាច់ដែលសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជន ត្រូវចូលរួមគាំទ្រដល់ការបណ្តុះគំនិតសហគ្រិនដល់និស្សិត ដើម្បីជួយពួកគេឱ្យត្រៀមខ្លួនបានរួចរាល់សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារអាជីវកម្មការងារបច្ចុប្បន្ននិងអនាគត។

គួរបញ្ជាក់ថា កម្មវិធី ប្រកួតប្រជែងគំរូអាជីវកម្មឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) និង CIESF ជប៉ុន និងមានការចូលរួមប្រកួតដោយនិស្សិតមកពីសាកលវិទ្យាល័យ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជនជាង ២៥ ទូទាំងកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង