Smart saver cctime web bannertif

រដ្ឋសភាជាតិ ប្រគល់«កៅអីជាអតីតអាសនៈតំណាងរាស្រ្ត»ចំនួន១៨៦កៅអីទៅវិទ្យាល័យឥន្រ្ទទេវី ប្រើប្រាស់ក្នុងការបង្រៀន និង រៀននៅក្នុងសាលា

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ រដ្ឋសភាជាតិ នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ បានប្រគល់កៅអីជាអតីតអាសនៈតំណាងរាស្រ្តចំនួន ១៨៦កៅអីទៅវិទ្យាល័យឥន្រ្ទទេវី ប្រើប្រាស់ក្នុងការបង្រៀន និង រៀននៅក្នុងសាលា។ ពិធីប្រគល់នេះ ធ្វើឡើងដោយទទួលបានការណែនាំនិងការនុញ្ញាត សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីសាលាយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមតម្រូវការជាក់ស្តែង។

ពិធីប្រគល់និងទទួលអំណោយនេះ បានប្រារព្ធធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមវត្តមានលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងលោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា តំណាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ លោក ឡេង ប៉េងឡុង បានលើកឡើងថា ទោះបីជាកៅអីទំាងនេះ បានប្រើប្រាស់ហើយក៏ដោយតែនៅមានគុណភាពល្អប្រសើរ អាចយកទៅប្រើប្រាស់នៅក្នុងសាលប្រជុំ ឬតាមតម្រូវការជាក់ស្តែងផ្ទាល់របស់សាលាបាន។ លោកបានបញ្ជាក់ថា កៅអីទាំងនេះ ជាប្រភេទកៅអីដែលថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា អង្គុយប្រជុំរដ្ឋសភា ដែលនៅទីនេះគេហៅថា «អាសនៈ» តំណាងរាស្រ្ត ដែលទទួលបានការបោះឆ្នោតគំាទ្រពីប្រជាពលរដ្ឋ។

លោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្ទ្រទេវី និងលោក ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណជូនរដ្ឋសភា ដែលបានផ្តល់កៅអីទំាង១៨៦ ដែលជាអាសនៈរបស់តំណាងរាស្រ្ត ជូនដល់វិទ្យាល័យឥន្ទ្រទេវី នាពេលនេះ។ លោកនាយកសាលា បានបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះ ស្របតាមតម្រូវការជាក់ស្តែងរបស់សាលា គឺសាលានឹងរៀបចំសាលប្រជុំរបស់ខ្លួនឱ្យបានស្អាតឡើងវិញ ជាមួយការបំពាក់កៅអី ដែលជាអំណោយរបស់រដ្ឋសភាទំាងនេះ ក្នុងការប្រើប្រាស់ជាប្រយោជន៏យូរអង្វែងតទៅ។ លោក ឡោ ឆវណ្ណា បានគោរពថ្លែងអំណរ ជូនសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានេះ ជូនដល់វិទ្យាល័យឥន្រ្ទទេវី ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការបង្រៀននិងរៀន ក៏ដូចជាការលើកកម្ពស់គុណភាពអប់រំ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង