Cctime 6monthsfree desktop
Cc times  web banner kh (2)

អង់គ្លេសនិងកម្ពុជា បានដាក់ដំណើរការគម្រោងអប់រំក្នុងគោលបំណងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៃការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋាភិបាលចក្រភពអង់គ្លេស និងរាជរដ្ឋាភិបាលកម្ពុជា  នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានប្រកាសដាក់ឱ្យដំណើរការគម្រោងអប់រំសាកល្បងថ្មីចំនួនពីរនៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៃការអប់រំកម្រិតមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

គម្រោងថ្មីចំនួនពីរក្រោមកម្មវិធីលើកកម្ពស់ឧត្តមភាពនៃការអប់រំកុមារី ដែលជាកម្មវិធីអប់រំដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស នៅអាស៊ីអាគ្នេយ៍ មានគោលបំណងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សនៃការអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា តាមរយៈការពិនិត្យមើលឡើងវិញលើការអនុវត្ត និងសម្ភារឧបទ្ទេសពាក់ព័ន្ធសំខាន់ៗ គាំទ្រដល់ការបង្រៀនបំណិនមូលដ្ឋាន និងតាមរយៈការសាកល្បងវិធីសាស្ត្រអប់រំ "ការបង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ Teaching at the Right Level (TaRL)”។

តាមរយៈវិធីសាស្ត្រ “ស្តីពីការពង្រឹងការរក្សាសិស្សដើម្បីកាត់បន្ថយការបោះបង់ការសិក្សា បង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ TaRL “ ដែលជាវិធីសាស្ត្រប្រកបដោយនវានុវត្តន៍ នឹង ដាក់ឱ្យអនុវត្តសាកល្បង ដើម្បីកែលម្អលទ្ធផលសិក្សារបស់សិស្សលើការអប់រំមូលដ្ឋានសម្រាប់កុមារចំនួន ៥០០នាក់ នៅថ្នាក់ទី៤ និងថ្នាក់ទី៥ ដែលប្រឈមក្នុងការបោះបង់ការសិក្សា។ ចំពោះការអនុវត្តវិធីសាស្ត្រ Pratham “ការបង្រៀនឱ្យត្រូវតាមកម្រិតចំណេះដឹងរបស់សិស្ស ឬ TaRL សិស្សនឹងត្រូវបានរៀបទៅតាមកម្រិត សមត្ថភាពសិក្សារបស់ពួកគេលើមុខវិជ្ជាអំណាន និងមុខវិជ្ជាគណិតវិទ្យា ជំនួសឱ្យការរៀបទៅតាមកម្រិត ថ្នាក់ ដើម្បីធានាថា ពួកគេទទួលបានការគាំទ្រទៅតាមតម្រូវការសិក្សារបស់សិស្សម្នាក់ៗ។

គម្រោងមួយផ្សេងទៀតគឺ “ការពង្រឹងសមត្ថភាពការត្រួតពិនិត្យតាមដាន និងវាយតម្លៃ (M&E) ដើម្បីលើក កម្ពស់លទ្ធផលសិក្សារបស់សិស្សលើការអប់រំកម្រិតមូលដ្ឋាន” នឹងពិនិត្យមើលលើការអនុវត្តក្នុងដំណើរ ការថ្នាក់រៀន ការបង្រៀន និងការប្រើប្រាស់សម្ភារៈឧបទ្ទេស នៅថ្នាក់ទី១ និងថ្នាក់ទី២។ គោលដៅរបស់ គម្រោងនេះ គឺដើម្បីផ្ដល់នូវអនុសាសន៍និងភស្តុតាងបែបវិទ្យាសាស្ត្រក្នុងការកែលម្អការអប់រំនិងការបណ្តុះ បណ្តាលគ្រូបង្រៀននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងបាត់ដំបង និងពង្រីកវិសាលភាពនៃប្រព័ន្ធ គាំទ្រជាប្រចាំរបស់នាយកដ្ឋានបឋមសិក្សា គម្រោងនេះ ក៏នឹងជួយគាំទ្រដល់ការផលិតកញ្ចប់សម្ភារៈ អំណានកម្រិតដំបូង។

លោក Dominic Williams NBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានមោទនភាព ដែលការអប់រំរបស់ចក្រភពអង់គ្លេសកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច និងរក្សានិរន្តរភាពនៃដំណើរការនៃការ

អភិវឌ្ឍប្រទេស។ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលពួកយើងបានចាប់ផ្តើមគម្រោងសាកល្បងថ្មីចំនួនពីរ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការធ្វើឱ្យប្រសើរឡើងនូវការអប់រំនៅទូទាំងប្រទេសនៅក្នុងតំបន់អាស៊ាន។ គម្រោងទាំងពីរនេះ បានសហការរៀបចំជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាគំនិតផ្តួចផ្តើមប្រកបដោយសក្តានុពល ក្នុងការនាំមកនូវអត្ថប្រយោជន៍ផ្នែកអប់រំយ៉ាងច្រើនដល់កុមារគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា។”

គួរបញ្ជាក់ថា កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី (ASEAN-UK SAGE) ត្រូវបានអនុវត្តដោយការក្រុមប្រឹក្សាចក្រភព អង់គ្លេស (British Council) លេខាធិការដ្ឋានស៊ីមេអូ (SEAMEO Secretariat) ក្រុមប្រឹក្សាអូស្ត្រាលីសម្រាប់ការស្រាវជ្រាវអប់រំ (ACER) និងស្ថាប័នភាពជាដៃគូស្រាវជ្រាវសកល (EdTech Hub)។កម្មវិធីគាំទ្រឧត្តមភាពនៃការអប់រំកុមារី មានគោលបំណងបង្កើនលទ្ធផលសិក្សារបស់សិស្សលើការអប់រំកម្រិតមូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និងក្រុមដែលងាយរងគ្រោះ ដោយផ្តោតជាពិសេសលើក្មេងស្រី តាមរយៈការដាក់ចេញនូវគោល នយោបាយ និងកម្មវិធីប្រកបដោយប្រសិទ្ធភាព៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង