
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ រៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ» ដើម្បីផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេពកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង ការផ្សព្វផ្សាយ និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា។ សាធារណជន និងសិស្សានុសិស្ស អាចដាក់ពាក្យ ចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
ការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នឹងប្រព្រឹត្តឡើងក្រោមប្រធានបទ «ស្រមៃថាអ្នកគឺជាមហាសមុទ្រ - ចូរសរសេរសំបុត្រទៅនរណាម្នាក់ដែលពន្យល់ពីមូលហេតុ និងរបៀបដែលពួកគេគួរថែរក្សាអ្នកឱ្យបានល្អ។ បេក្ខជនជ័យលាភីនឹងទទួលបានរង្វាន់លើកទឹកចិត្តទៅតាមលំដាប់ជ័យលាភី ដែល ជ័យលាភីលេខ១ ប្រាក់រង្វាន់ចំនួន ៤ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១។ ជ័យលាភីលេខ២ បានប្រាក់រង្វាន់ចំនួន ២ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១ និង ជ័យលាភីលេខ៣ បានប្រាក់រង្វាន់ចំនួន ១ លានរៀល មេដាយ ១គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង សៀវភៅតែមប្រិ៍ ១ឈុត កាបូប ១។ សំបុត្រដែលទទួលបានជ័យលាភីលេខ១ នឹងត្រូវបញ្ជូនក្នុងនាមតំណាងរបស់កម្ពុជាឱ្យចូលរួមនៅក្នុងកម្មវិធី ប្រកួតប្រជែងសរសេរសំបុត្រអន្តរជាតិលើកទី៥៤ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU)។

ដើម្បីអាចដាក់ពាក្យចូលរួម បេក្ខជនត្រូវតែជាសិស្សានុសិស្សត្រូវមានសញ្ជាតិខ្មែរ និងអាយុពី៩ ដល់ ១៥ឆ្នាំ (គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥) បំពេញព័ត៌មានក្នុង “ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត្រ” ដោយភ្ជាប់មកជាមួយ ឯកសារថតចម្លងដើម្បីបញ្ជាក់ពីអាយុសិស្សានុសិស្ស សរសេរសំបុត្រដោយដៃ ជាភាសាខ្មែរ (មិនលើសពី ៤ទំព័រ) ឬភាសាអង់គ្លេស (មិនលើសពី ២ទំព័រ) បន្ទាប់មកផ្ញើពាក្យចុះឈ្មោះ និងអត្ថបទសំណេរ តាមរយៈប្រៃសណីយ៍កម្ពុជាដោយឥតគិតថ្លៃ ឬសេវាបញ្ញើ ឆាប់រហ័សឯកជនណាមួយ មកកាន់អាសយដ្ឋាន អគ្គនាយកដ្ឋានប្រៃសណីយ៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលស្ថិតនៅ អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បេក្ខជនអាចស្កែន QR Code ដើម្បីទទួលបានឯកសារពាក់ព័ន្ធដូចជា ពាក្យចុះឈ្មោះចូលរួមការប្រកួតប្រជែងសរសេរសំបុត គំរូទម្រង់សំបុត្រ និងកម្រងសំបុត្រជ័យលាភីរបស់សហភាពប្រៃសណីយ៍សកល (UPU International/Letter Writing Competition, Best of the Best) ពីឆ្នាំ១៩៧១ ដល់ឆ្នាំ២០២១។ សាធារណជន និងសិស្សានុសិស្ស អាចដាក់ពាក្យ ចូលរួមប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ នេះ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា សំបុត្រដែលផ្ញើក្រោយថ្ងៃកំណត់ ឬមានខ្លឹមសារលិខិតដែលលួចចម្លង ពុំត្រូវបានវាយតម្លៃ។ សម្រាប់ការជ្រើសរើសនឹងត្រូវធ្វើជា២ដំណាក់កាល ដែល ដំណាក់កាលទី១៖ អត្ថបទដែលចូលរួមទាំងអស់នឹងត្រូវគណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុ ផ្អែកលើ ខ្លឹមសារដែលឆ្លើយត្រូវនឹងប្រធានបទ ទេពកោសល្យនៃការសរសេរ និងគំនិតច្នៃប្រឌិត ។ បន្ទាប់មកនៅក្នុង ដំណាក់កាលទី២ ជ័យលាភីដែលទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ១០រូប នឹងត្រូវបានសម្ភាសន៍ ដើម្បីជ្រើសរើសជ័យលាភីលេខ១ ដល់លេខ៣។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមទូរសព្ទលេខ ០១៦ ៤៥៨ ៥០៣ / ០៩៩ ៧៧២ ០១៩។ព័ត៌មានលម្អិត សូមចូលទៅកាន់ https://go.gov.kh/mptc/eyo2f2 ៕

