.jpg?1742880218)
ភ្នំពេញ៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ បានរកឃើញក្រុមឆ្នើមចំនួន១៦ ដែលអាចឈានជើងទៅកាន់ "វគ្គជម្រុះជុំទី២" ជាបន្តបាន បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការដាក់ពិន្ទុយ៉ាងសុក្រឹតពីគណៈកម្មការទាំងអស់ តាមរយៈការផ្សាយផ្ទាល់វគ្គជម្រុះជុំទី១ នៅថ្ងៃទី១៥-១៦ និងថ្ងៃទី២២-២៣ ខែមីនា ឆ្នាំ២០២៥រួចមក។
បេក្ខជនទាំង១៦ក្រុមដែលបានជាប់ទៅវគ្គជម្រុះជុំទី២ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ មាន២ក្រុម មកពី សមាគមកាយឬទ្ធិនារីកម្ពុជា និង កាយរិទ្ធជាតិកម្ពុជា និង ១២ក្រុម បណ្តាវិទ្យាល័យឯកជន និងរដ្ឋ ដែលនៅខេត្តចំនួន ១២ ដូចជា ព្រះវិហារ ប៉ៃលិន សៀមរាប ពោធិ៍សាត់ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង តាកែវ ព្រៃវែង ត្បូងឃ្មុំ បន្ទាយមានជ័យ កំពង់ធំ និង២ក្រុមមកពី ភ្នំពេញ។
ក្នុងចំណោម ១៦ ក្រុម មានតែ១ក្រុមតែប៉ុណ្ណោះដែលមកពីសាលាឯកជនមកពីខេត្តតាកែវ ចំណែកឯ ១៥ ក្រុមទៀតគឺ ជាសិស្សដែលមកពីវិទ្យាល័យរដ្ឋ និងសាលាជំនាន់ថ្មី។យុវជនទាំង ១៦ ក្រុម បានឈានទៅកាន់វគ្គជម្រុះទី២ ក្រោយការប្រកួតក្នុងវគ្គជម្រុះទី១តាមរយៈអនឡាញ ដែលមានយុវជនសរុបចំនួន ៣២ ក្រុម មកពីបណ្តាខេត្តក្រុងនៃប្រទេសកម្ពុជា។
កម្មវិធីជជែកដេញដោលថ្នាក់ជាតិ២០២៥ ត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ ដែលផ្តល់ឱកាសដល់សិស្សានុសិស្សនៅកម្រិតថ្នាក់វិទ្យាល័យ បញ្ចេញសមត្ថភាពក្នុងការបន្លឺសម្លេងរបស់ពួកគេតាមរយៈការប្រកួតជជែកដេញដោលជាក្រុម ជាមួយនឹងបេក្ខជនផ្សេងៗទៀតមកពីបណ្តាលវិទ្យាល័យនៅតាមរាជធានីខេត្តក្នុងប្រទេសកម្ពុជា ដែលការជជែកដេញដោលធ្វើឡើងជាភាសាខ្មែរ៕