
អាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក Pete Hegseth គ្រោងនឹងទៅបំពេញទស្សនកិច្ចមកកាន់អាស៊ីជាលើកដំបូងចាប់តាំងពីលោកឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកក្នុងរដ្ឋបាលលោកដូណាល់ត្រាំ លោក Pete Hegseth និងបំពេញនៅប្រទេសហ្វីលីពីនថ្ងៃទី ២៨-២៩ ខែមីនាសម្រាប់កិច្ចពិភាក្សាដែលនឹងរួមបញ្ចូលការបង្កើនការទប់ស្កាត់ការឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងតែមានជម្លោះ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Sean Parnell បានឲ្យដឹងថាលោក Hegseth នឹងធ្វើដំណើរទៅកោះ Hawaii ដើម្បីជួបជាមួយមេដឹកនាំស៊ីវិល និងយោធានៅក្នុងទីបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក បន្ទាប់មកទស្សនាទីតាំងយោធាអាម៉េរិកនៅកោះ Guam ហើយនិងបន្តដំណើរហោះហើរទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន។ លោក Parnell បន្ថែមទៀតថាលោក Hegseth នឹងជំរុញគោលដៅសន្តិសុខជាមួយមេដឹកនាំហ្វីលីពីន និងជួបជាមួយកងកម្លាំងសហរដ្ឋអាម៉េរិក និងហ្វីលីពីន។ នៅប្រទេសជប៉ុន លោកនឹងចូលរួមក្នុងពិធីរំលឹកខួបលើកទី ៨០ នៃសមរភូមិ Iwo Jima និងជួបជាមួយមេដឹកនាំជប៉ុន និងកងកម្លាំងយោធាសហរដ្ឋអាម៉េរិកដែលឈរជើងនៅប្រទេសជប៉ុន។

សមាជិកសភាហ្វីលីពីនលោក Ferdinand Martin Gomez Romualdez បានចាត់ទុកដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក Hegseth ថា "វាគឺជាសារដ៏រឹងមាំមួយទៅកាន់ប្រទេសចិន បង្ហាញពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ" រវាងសហរដ្ឋអាម៉េរិក និងហ្វីលីពីន។

គួរបញ្ជាក់ថាប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាផ្លូវសន្តិសុខ និងពាណិជ្ជកម្មពិភពលោកដ៏សំខាន់ដែលមានទំនិញជាង ៣០% នៃពាណិជ្ជកម្មទាំងស្រុងនៅពិភពលោក ឆ្លងកាត់សមុទ្រនេះ។ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ក៏ដាក់ការទាមទារត្រួតស៊ីគ្នាចំពោះដែនទឹកដែលជាកម្មសិទ្ធរបស់ខ្លួនផងដែរ ប៉ុន្តែការប្រឈមមុខដាក់គ្នាបានផ្ទុះឡើងជាពិសេសរវាងឆ្មាំឆ្នេរសមុទ្រចិន និងហ្វីលីពីន និងកងកម្លាំងជើងទឹកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ៕