
ប៉ូឡូញ៖ អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសប៉ូឡូញលោក Wiesław Leśniakiewicz បានជំរុញឲ្យពលរដ្ឋរបស់ខ្លួនឱ្យត្រៀមលក្ខណៈ និងទិញម្ហូបអាហារទុកត្រៀមខ្លួនការពារពីជម្លោះណាមួយដែលអាចកើតមានឡើងក្នុងប្រទេសប៉ូឡូញ ដោយលោកជំរុញឲ្យពលរដ្ឋស្តុកទុកម្ហូបអាហារយ៉ាងហោចណាស់បីថ្ងៃ រួមទាំងអាហារ ទឹក ថ្នាំពេទ្យ និងសម្ភារៈចាំបាច់ៗមួយចំនួន។ រដ្ឋាភិបាលប៉ូឡូញក៏គ្រោងនឹងចេញផ្សាយសៀវភៅណែនាំស្តីពីការត្រៀមខ្លួននៅពេលដែលប្រទេសជួបសង្រ្គាម ដែលសៀវភៅនោះស្រដៀងនឹងកូនសៀវភៅ 'In Case of Crisis or War' របស់ប្រទេសស៊ុយអែត ដើម្បីជួយប្រជាពលរដ្ឋប្រសិនបើប្រទេសជួបសង្រ្គាម។

សំណើររបស់លោក Wiesław Leśniakiewicz អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃប្រទេសប៉ូឡូញកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានស្នើឱ្យមានការបង្កើតយោធាចំនួន ៨០០ ពាន់លានអឺរ៉ូ ដើម្បីឆ្លើយតបទៅនឹងការគម្រាមកំហែងពីប្រទេសរុស្ស៊ី។ ដែលនេះជាសញ្ញាបង្ហាញពីភាពតានតឹងកាន់តែខ្លាំងបន្ថែមទៀត ដែលសង្រ្គាមអាចរីករាលដាលដល់ប្រទេសប៉ូឡូញដោយព្រំដែនប៉ូឡូញនៅកៀកជាមួយនឹងប្រទេសរុស្ស៊ីជាទីបំផុត។

លោក Lesniakiewicz បានណែនាំប្រជាពលរដ្ឋម្នាក់ៗត្រូវតែអាចរស់បានយ៉ាងហោចណាស់បីថ្ងៃ ដោយគ្មានជំនួយពីរដ្ឋ ក្នុងករណីមានសង្គ្រាម ឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀត។ លោកបានជំរុញឲ្យគ្រប់គ្នាស្តុកទុកការផ្គត់ផ្គង់ដូចជា ទឹក ថ្នាំពេទ្យ អាហារ និងថាមពលប្រើប្រាស់ ។

គួរបញ្ជាក់ថាកាលពីចុងឆ្នាំមុន ប្រទេសស៊ុយអែតបានចាប់ផ្តើមចែកចាយសៀវភៅដែលមានចំណងជើងថា "ក្នុងករណីមានវិបត្តិ ឬសង្រ្គាម"។ សៀវភៅណែនាំនេះត្រូវបានបោះពុម្ពឡើងវិញជាច្រើនដងចាប់តាំងពីសង្គ្រាមលោកលើកទី ២ ការបោះពុម្ពកាលពីឆ្នាំមុនមានទំហំធំជាងពីរដងដែលសន្មត់ថាដើម្បីដោះស្រាយការភ័យខ្លាចផ្នែកសន្តិសុខជុំវិញជម្លោះអ៊ុយក្រែន និងរុស្ស៊ី។ ហ្វាំងឡង់ ន័រវេស និងដាណឺម៉ាកក៏បានបោះសៀវភៅស្រដៀងគ្នានេះ ដើម្បីអាចឲ្យពលរដ្ឋរបស់ខ្លួនយល់ដឹងនឹងការពារខ្លួនប្រសិនបើប្រទេសប្រឈមនឹងភ្លើងសង្រ្គាម៕