
អាម៉េរិក៖ លោកប្រធានាធិបតី ដូណាល់ត្រាំ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនាពេលថ្មីៗនេះទៅលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Tesla អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ។ ការប្រកាសនេះធ្វើឡើងក្នុងការឆ្លើយតបទៅនឹងឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់ក្រោយពីមានគេវាយកម្ទេចឡាន TESLA ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយសារតែខឹងសម្បានឹងនាយកប្រតិបត្តិក្រុមហ៊ុន គឺ Elon Musk ដែលជាទឹប្រឹក្សានិងជំនិតផ្ទាល់របស់លោកដូណាល់ត្រាំ។

យោងតាមបណ្តាញផ្សព្វផ្សាយផ្ទាល់របស់លោកត្រាំលោកបានសរសេររៀបរាប់ថា នរណាក៏ដោយនៅពេលដែលចាប់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Teslas នឹងមាននិងទទួលការជាប់ពន្ធនាគារគុករហូតដល់ម្ភៃឆ្នាំ ហើយរួមបញ្ចូលទាំងអ្នកផ្តល់មូលនិធិផងក្នុងការបំផ្លាញឡានរបស់ក្រុមហ៊ុន Tesla ផងដែរ ហើយនៅពេលនេះមន្ត្រីជំនាញកំពុងតែស្វែងរកអ្នកដែលពាក់ព័ន្ធ។

គួរបញ្ជាក់ថាការវាយប្រហារលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Tesla រួមទាំងការដុតបំផ្លាញ ការបំផ្លិចបំផ្លាញតាមស្ថានីយ៍សាកថ្មនៅទូទាំងសហរដ្ឋអាម៉េរិក និងអឺរ៉ុបកំពុងតែផ្ទុះឡើងខ្លាំងផ្ទួនៗគ្នាសកម្មភាពទាំងនេះត្រូវបានគេរាយការណ៍ថាមានទំនាក់ទំនងទៅនឹងការប្រឆាំងប្រឆាំងនឹងការចូលរួមរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk នៅក្នុងរដ្ឋបាល Trump ៕