Cctime 6monthsfree desktop
Cc times  web banner kh (2)

FLY2025 ជ្រើសរើសយុវជនដើម្បីចូលរួម«វគ្គបណ្តុះបណ្តាលការដឹកនាំភាពយន្ត»រយៈពេល១៥ថ្ងៃនៅសាធារណរដ្ឋកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
សិក្ខាកាមនៃ FLY2024 (រូបភាព៖ ASEAN-Korea Film Community Programme)

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលអ្នកដឹកនាំភាពយន្តអាស៊ាន-កូរ៉េខាងត្បូង ជ្រើសរើសយុវជនដែលកើតនៅចន្លោះឆ្នាំ ២០០១ - ២០០៦​ មកពីបណ្តាប្រទេសអាស៊ាន និងកូរ៉េ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលពីការដឹកនាំភាពយន្ត (FLY2025) នៅកូរ៉េខាងត្បូង។ ការបណ្តុះបណ្តាលនេះនឹងមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ៤  ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥។

យោងតាមសេចក្តីប្រកាសនៃការជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្តុះបណ្តាលពីការដឹកនាំភាពយន្ត បានឱ្យដឹងថា ការបណ្តុះបណ្តាលនេះនឹងមានរយៈពេល១៥ថ្ងៃ រាប់ចាប់ពី ថ្ងៃទី ៤ ដល់ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅក្នុងទីក្រុងប៊ូសាន នៃសាធារណរដ្ឋកូរ៉េ។ កម្មវិធីបណ្តុះបណ្តាលនេះរួមមានរបៀបសិក្សាមួយចំនួនដូចជា ការត្រៀមលក្ខណៈតាមអនឡាញរយៈពេល ៩សប្តាហ៍មុនការផលិត ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥។ ទី២ សិក្ខាកាមនឹងចូលរួមសិក្ខាសាលា និងលំហាត់ផលិតភាពយន្ដ ការចាក់បញ្ចាំងភាពយន្តជាមួយគ្រូបណ្តុះបណ្តាល វគ្គសំណួរចម្លើយ វគ្គណែនាំដោយអ្នកដែលមានបទពិសោធន៍ (Mentoring Session) និងការផលិតភាពយន្តខ្លី។

លក្ខខណ្ឌដើម្បីអាចដាក់ពាក្យបាន បេក្ខជនត្រូវមានសញ្ជាតិនៃប្រទេសមួយក្នុងចំណោមសមាជិកអាស៊ានទាំង ១០ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម) ឬសាធារណរដ្ឋកូរ៉េ ដែលកើតនៅចន្លោះឆ្នាំ ២០០១ - ២០០៦​ ដែលមានបទពិសោធន៍ក្នុងការផលិតភាពយន្តខ្លី ភាពយន្តឯកសារ និង/ឬវីដេអូផ្សេងៗយ៉ាងតិច ២ រឿង។ ជាពិសេស បេក្ខជនត្រូវស្ទាត់ជំនាញជាភាសាអង់គ្លេស និងមិនធ្លាប់មានបទពិសោធន៍ក្នុងកម្មវិធីណាមួយពី Busan International Film Festival-Asian Film Academy (BAFA)ពីមុន។

អ្នកដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យទៅកាន់ Cambodia Film Commission តាមរយៈអ៊ីមែល [email protected] ឱ្យបានមុនថ្ងៃទី ០៦ មេសា ២០២៥ ដោយភ្ជាប់ជាមួយឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ ដូចជា ទម្រង់ពាក្យសុំ Cover Letter និងវីដេអូនៃការណែនាំដោយខ្លួនឯង (ត្រូវតែជាភាសាអង់គ្លេស អតិបរមា ១ នាទី) ដែលបង្ហាញពីការលើកទឹកចិត្តសម្រាប់ការដាក់ពាក្យ ការណែនាំដោយខ្លួនឯងទាក់ទងនឹងការងារភាពយន្ត និងផែនការអាជីពក្នុងឧស្សាហកម្មភាពយន្ត។ ជាពិសេសត្រូវភ្ជាប់ឯកសារវីដេអូនៃការងារពីមុនរបស់អ្នក ដែលអ្នកបានចូលរួមជាអ្នកដឹកនាំ អ្នកផលិត អ្នកថតភាពយន្ត អ្នកកែសម្រួល អ្នករចនាផលិតកម្ម ឬអ្នកថតសំឡេងក្តី។

គួរបញ្ជាក់ថា សិក្ខាកាមដែលអាចចូលរួមកម្មវិធីបណ្តុះបណ្តាលនេះ នឹងត្រូវបានជម្រុះចុងក្រោយត្រឹម ២២ នាក់ ដែលក្នុងនោះមាន ២ នាក់មកពីប្រទេសសមាជិកអាស៊ាននីមួយៗ និងសាធារណរដ្ឋកូរ៉េ។ FLY2025 ជាគម្រោងមួយដែលត្រូវបានសហការដោយប្រទេសក្នុងអាស៊ាន-កូរ៉េខាងត្បូង និងជាសិក្ខាសាលាផលិតភាពយន្ដដែលសហការរៀបចំដោយ Busan Film Commission និង Asian Film Commissions Network (AFCNet) ។ FLY2025 ត្រូវបានរៀបចំឡើងសម្រាប់បណ្តុះបណ្តាលអ្នកដែលមានបំណងចង់ក្លាយជាអ្នកដឹកនាំភាពយន្តមកពីបណ្តាប្រទេសអាស៊ានទាំង ១០ និងកូរ៉េដែលអាចរួមចំណែកដល់ការផលិតភាពយន្តចម្រុះនាពេលអនាគតនៅអាស៊ី៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង