
ភ្នំពេញ៖ ក្រសួងអប់រំរៀបចំ «ការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត» សម្រាប់សិស្សពីថ្នាក់ទី៧ ដល់ថា្នក់ទី១២ ទូទាំងប្រទេស។ កម្មវិធីប្រកួតប្រជែងនេះ បើកទទួលពាក្យដល់ថ្ងៃទី ២៦ មិថុនា ២០២៥ ដែលនឹងប្រកួតនាថ្ងៃអាទិត្យ ៦ កក្កដា ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ។
ការប្រកួតប្រជែងគណិតវិទ្យាដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងចូលរួម ពង្រឹងសមត្ថភាពសិស្ស ព្រមទាំងពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការរៀន និងការសិក្សាស្រាវជ្រាវគណិតវិទ្យា ជាពិសេសតាមរយៈការបញ្ជ្រាប ICT ទៅក្នុងការអប់រំគណិតវិទ្យា និងការអប់រំស្ទែមនៅកម្ពុជា។ដើម្បីអាចប្រកួត សិស្សានុសិស្សតម្រូវឱ្យដាក់ពាក្យតាមរយៈតំណភ្ជាប់ https://forms.gle/SQZM4bQW1DpubzFD7 ឬ ដាក់ពាក្យនៅអគារ I មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យ ជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ឱ្យបានមុនថ្ងៃទី ២៦ មិថុនា ២០២៥ វេលាម៉ោង៥:០០នាទីជាកំណត់ ។
ក្រោយការប្រឡងសំណេរផ្ទាល់ CASIO 2025 សិស្សានុសិស្សនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីប្រទេសសឹង្ហបុរី និងប្រកាសនិយបត្រជ័យលាភីពីក្រសួងអប់រំ យុវជន និងកីឡា ដែលក្នុងនោះសិស្សដែលបាន ពិន្ទុខ្ពស់បំផុតទី១បានទទួលមេដាយមាស និង កុំព្យូទ័រយួរដៃមួយគ្រឿង បន្ទាប់មកសិស្សដែលបានពិន្ទុខ្ពស់២នាក់បន្ទាប់ បានទទួលមេដាយប្រាក់ និង កាបូបមួយ។ ចំណែកឯ សិស្សដែលបានពិន្ទុខ្ពស់៣នាក់បន្ទាប់ បានទទួលមេដាយសំរឹទ្ធ និងសិស្សដែលបានពិន្ទុខ្ពស់៤នាក់បន្ទាប់ បានទទួលលិខិតសរសើរ(លើកទឹកចិត្ត) សម្រាប់គ្រប់កម្រិតថ្នាក់ដែលចូលរួមប្រកួត។
គួរបញ្ជាក់ថា កម្មវិធីប្រកួតនេះ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនកាស្យូសិង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិIBC ភ្នំពេញ និងដោយ មានកិច្ចសហការជាមួយសហគមន៍អ្នកគណិតវិទ្យាកម្ពុជា។ ដើម្បីទទួលបានព័ត៌មានលម្អិត សូមទាក់ទង និងសាកសួរដោយផ្ទាល់នៅមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី ឬ អាចទាក់ទងតាមតេឡេក្រាម៖ 096 943 9944/ 077 468 989/ 011 627 727/011 697 038៕
