Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមយុវជនកម្ពុជាបាន «ជ័យលាភីលេខ១» ក្នុងការប្រកួតបច្ចេកវិទ្យាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នឹងទៅប្រកួតលំដាប់ពិភពលោកនៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាមួយក្រុមមកពីសាលាតិចណូ នឹងតំណាងកម្ពុជា ទៅប្រកួតកម្មវិធី Huawei ICT Competition លំដាប់ពិភពលោកនៅប្រទេសចិន ក្រោយបានជ័យលាភីលេខ ១ ក្នុងថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលបាន​ប្រកួតនៅប្រទេសម៉ាឡេស៊ីជាមួយបណ្តាប្រទេស ៩ ផ្សេងទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការបង្កើតដំណោះស្រាយដែលប្រកបដោយនវានុវត្តន៍ ​។

យុវជន វង់ ពេជ្រចរណៃ ដែលជានិស្សិតជំនាញ ព័ត៌មាន​វិទ្យា​និង​ទំនាក់ទំនង មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រុមរបស់ខ្លួនមានសមាជិកចំនួនបីនាក់ ដែលជានិស្សិតមកពីដេប៉ាតឺម៉ង់​ទេពកោសល្យ​ព័ត៌មាន​វិទ្យា​និង​ទំនាក់ទំនង នៃ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដូចគ្នា ។ យុវជនទាំងបីរូបរួមមាន កញ្ញា វង់ ពេជ្រចរណៃ និង កញ្ញា ហេង កល្យាណ ជានិស្សិតឆ្នាំទី៤ និង លោក ផល​ ចាន់ផាយុ ជានិស្សិតឆ្នាំទី៣។ យុវជនក្រុមនេះ បានតំណាងកម្ពុជាក្នុងការប្រកួតនៅថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងចំណោមយុវជនកម្ពុជាសរុបចំនួន ៣ ក្រុម ដែលបានប្រកួតនៅ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី ២៥ កុម្ភៈ ២០២៥។

បើតាម កញ្ញា វង់ ពេជ្រចរណៃ កម្មវិធីប្រកួតនេះ ជាកម្មវិធីមួយដែលជ្រើសរើសនិស្សិតមកពីបណ្តាសាកលវិទ្យាល័យនានាដែលកំពុងចាប់យកជំនាញសិក្សាពាក់ព័ន្ធនឹងបច្ចេកវិទ្យាដើម្បីបង្កើតនូវគំនិត​ដើម្បីជាដំណោះស្រាយបញ្ហាណាមួយនៅក្នុងប្រទេសរបស់ខ្លួនដោយប្រើប្រាស់បច្ចេកវិទ្យា។ យុវជនកម្ពុជាក្រុមនេះ បានជ្រើសរើសយកបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់រ៉ូបូតដើម្បីបាញ់ថ្នាំសត្វល្អិតក្នុងកសិកម្ម ដើម្បីជាជំនួយក្នុងការប្រើប្រាស់សម្រាប់បាញ់ថ្នាំសម្លាប់សត្វល្អិត ដែលអាចកាត់បន្ថយកម្លាំងពលកម្មដែលស្រោចថ្នាំសម្លាប់សត្វល្អិត ដើម្បីកាត់បន្ថយការប៉ះពាល់ដល់សុខភាពនៃមនុស្សដែលត្រូវធ្វើការងារផ្នែកនេះ។

ក្រោយជាប់ជាជ័យលាភីលេខ១តំណាងតំបន់អាស៊ីប៉ាស៊ីហ្វិក និស្សិតទាំង៣រូបនឹងត្រូវបន្តកែតម្រូវនូវរ៉ូបូតដែលខ្លួនបានបង្កើតឱ្យកាន់តែមានភាពប្រសើរឡើងដើម្បីឈរជើងប្រកួតលើឆាកអន្តរជាតិនៅប្រទេសចិននៅខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខ។កម្មវិធីប្រកួតនេះត្រូវបានរៀបចំឡើងដើម្បីពង្រឹងនូវសក្តានុពលរបស់សិស្សនិស្សិតដើម្បីអាចធ្វើការងារជាក្រុមដោយប្រើប្រាស់នូវគំនិតសហគ្រិនភាព ភាពច្នៃប្រឌិត ដែលជាចរិកលក្ខណៈដ៏សំខាន់សម្រាប់យុវជនអាចត្រៀមលក្ខណៈក្នុងការប្រកបអាជីពការងារនាពេលអនាគត។ អ្វីដែលពិសេសជាងនេះទៅទៀត កម្មវិធីនេះ ធ្វើឡើងដើម្បីជម្រុញទឹកចិត្តឱ្យនិស្សិតមានឆន្ទៈស្រលាញ់វិស័យបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសង្គមដោយប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត មិនថាក្នុងវិស័យអប់រំ ស្រាវជ្រាវ និងវិស័យផ្សេងៗក្តី។


ជាក់ស្តែង យុវជនកម្ពុជាដែលបានប្រកួតនៅប្រទេសម៉ាឡេស៊ីមានសរុបចំនួន ៣ ក្រុមដែលប្រកួតក្នុងប្រភេទវិញ្ញាសាផ្សេងគ្នា យ៉ាងណាមិញ ក្រុមដែលបានជ័យលាភីលេខ ១​ តំណាងកម្ពុជានេះ គឺជាក្រុមដែលបានប្រកួតក្នុងវិញ្ញាសា Innovation Track ដែលជាឆ្នាំទី១ ដែលវិញ្ញាសានេះមាននៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការសិក្សាដោយខ្លួនឯងដោយប្រើប្រាស់ធនធានដែល Huawei បានផ្តល់ជូន និងការត្រៀមលក្ខណៈបានល្អ បានបណ្តាលឱ្យក្រុមរបស់សាលាតិចណូនេះ បានជ័យលាភីទៅវគ្គបន្តទៀត។

គួរសម្គាល់ថា ការប្រកួតក្នុងប្រភេទ Innovation Track ជាលើកទី១ ដែលមានការរៀបចំប្រកួតនៅកម្ពុជាក្នុងឆ្នាំនេះ ។ ថ្វីត្បិតជាឆ្នាំទី១ក៏ដោយ យុវជនកម្ពុជាក្រុមនេះ​បានខិតខំសម្រិតសម្រាងការងាររបស់ខ្លួនរហូតដល់យកឈ្នះជ័យលាភីលេខ១ថ្នាក់តំបន់ ដើម្បីប្រកួតលើឆាកអន្តរជាតិនៅប្រទេសចិនជាមួយនិស្សិតដែលមកពីបណ្តាប្រទេស និងតំបន់ផ្សេងទៀតប្រមាណ ២០ប្រទេស៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង